មានករណីបាញ់ប្រហារដ៏សាហាវចំនួន២កន្លែងផ្សេងគ្នា កើតឡើងនៅតំបន់ឆ្នេរនៃប្រទេសហុងឌូរ៉ាស បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១៦នាក់បាត់បង់ជីវិត

បរទេស៖ លោក អេហ្កាដូ បារ៉ាហូណា (Edgardo Barahona) អ្នកនាំពាក្យនគរបាលជាតិ បានប្រកាសថា មានករណីបាញ់ប្រហារដ៏សាហាវចំនួន២កន្លែងផ្សេងគ្នា បានកើតឡើងនៅតំបន់ឆ្នេរនៃប្រទេសហុងឌូរ៉ាស បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១៦នាក់បាត់បង់ជីវិត។ ក្នុងចំណោមអ្នកស្លាប់ មានមន្ត្រីនគរបាលចំនួន៦នាក់ និងកម្មករចម្ការចំនួន១០នាក់។
ហេតុការណ៍ដំបូងនេះបានកើតឡើងនៅក្នុងផ្ទៃដីស្រែចម្ការមួយកន្លែង ស្ថិតក្នុងក្រុងទ្រូជេឡូ (Trujillo) ភាគខាងជើងនៃប្រទេស។
ក្រុមខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានបើកការបាញ់ប្រហារទៅលើក្រុមកម្មករ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១០នាក់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។
តំបន់កើតហេតុខាងលើ ជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិ ប៉ុន្តែវាក៏ជាចំណុចក្ដៅនៃជម្លោះដីធ្លីកសិកម្មដ៏រ៉ាំរ៉ៃអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
កន្លងមក គណៈកម្មការអន្តរអាម៉េរិកទទួលបន្ទុកសិទ្ធិមនុស្ស ធ្លាប់បានចេញវិធានការការពារជាបន្ទាន់ ដល់សកម្មជនមួយចំនួននៅក្នុងតំបន់នោះ ដែលរងការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញ ដោយសារតែការចេញមុខការពារបរិស្ថាន និងសិទ្ធិដីធ្លី។
បច្ចុប្បន្ន ប្រទេសហុងឌូរ៉ាសកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការគ្រប់គ្រងអត្រាឧក្រិដ្ឋកម្មដ៏ខ្ពស់ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមបងធំ និងការជួញដូរគ្រឿងញៀនឆ្លងដែន៕

