កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់គំរាមវាយប្រហារលើទីតាំងយោធារបស់អាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា ប្រសិនបើកប៉ាល់ដឹកប្រេងរបស់ខ្លួន រងការវាយប្រហារជាថ្មីណាមួយ

តេហេរ៉ង់៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានគំរាមថានឹងបើកការវាយប្រហារលើទីតាំងយោធារបស់សហរដ្ឋអាមេរិក នៅទូទាំងតំបន់មជ្ឈិមបូព៌ា ប្រសិនបើកប៉ាល់ដឹកប្រេងរបស់ខ្លួន រងការវាយប្រហារជាថ្មីណាមួយ។
តាមរយៈការដកស្រង់ចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានគំរាមថា «ការវាយប្រហារណាមួយលើ កប៉ាល់ដឹកប្រេង និងពាណិជ្ជកម្មរបស់អ៉ីរ៉ង់ នឹងជំរុញឱ្យមានការវាយប្រហារដ៏ខ្លាំងក្លាលើទីតាំងយោធារបស់សហរដ្ឋអាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា ព្រមទាំងកប៉ាល់ទាំងអស់របស់សត្រូវ»។
ការគំរាមបែបនេះរបស់អ៉ីរ៉ង់ កើតមានឡើង បន្ទាប់ពីយោធាអាមេរិកកាលពីថ្ងៃសុក្រកន្លងទៅបានវាយប្រហារលើកប៉ាល់ដឹកប្រេងអ៉ីរ៉ង់២គ្រឿង ដែលព្យាយាមទម្លុះការបិទខ្ទប់នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់៕
