អភិបាលរាជធានីភ្នំពេញ ណែនាំប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ ត្រូវយកចិត្តទុក្ខដាក់ចំពោះគ្រួសារយុទ្ធជនជួរមុខ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានីភ្នំពេញបានណែនាំឱ្យប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ ត្រូវយកចិត្តទុក្ខដាក់ឱ្យបានខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខ ដោយត្រូវការពារសន្តិសុខ ជាមួយនិងការគិតគូរពីសុខទុក្ខ មើលថែជីវភាពប្រចាំថ្ងៃជូនពួកគាត់ ពោលគឺមានការខ្វះខាតអ្វីត្រូវផ្តល់ជូនពួកគាត់ភ្លាម បូកទាំងការសិក្សារបស់កូនគាត់ផងដែរ។
ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្រៅពីយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជននៅក្នុងមូលដ្ឋានហើយ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌ ត្រូវយកចិត្តទុក្ខដាក់ឱ្យបានខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខ ដោយយើងមានស្ថិតិអស់ហើយ។ កន្លងមកនេះ យើងអនុវត្តការងារបានល្អហើយ សូមបន្តការងារនេះឱ្យកាន់តែល្អថែមទៀត។
លើសពីនេះឯកឧត្តម ក៏បានជំរុញឱ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីបន្តដឹកនាំសមាគមន៍ឲ្យរីកចម្រើន ត្រូវគោរពនិងប្រតិបត្តិឱ្យខ្ជាប់ខ្ជួននូវ លក្ខន្តិកៈរបស់សមាគម ,យកចិត្តទុក ដាក់ខ្ពស់ចំពោះសុខុមាលភាពនិងជីវភាពរបស់សមាជិក ផ្តល់ការគាំទ្រចំពោះសមាជិក ដែលជួបការខ្វះខាតកំពុងមានជំងឺ ផ្តល់ការឧបត្ថម្ភដល់ គ្រួសារសមាជិកដែលបានទទួល មរណភាពឲ្យទាន់ពេលវេលា សំដៅរួមចំណែកសម្រាលទុក្ខលំបាករបស់ពួកគាត់។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតែងតែយកចិត្តទុកដាក់គិតគូរចំពោះ ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានក្នុងការលះបង់ ដើម្បី បុព្វហេតុរំដោះជាតិ មាតុភូមិ ដោយបាននាំមកនូវសុខសន្តិភាពនិងការ អភិវឌ្ឍរីកចម្រើនលើគ្រប់វោស័យរហូតដល់សព្វថ្ងៃ។ ដូច្នេះហើយទើបសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បង្កើតឱ្យមានសមាគមន៍នេះឡើង គឺដើម្បីឱ្យយើងជួយមើលថែចិញ្ចឹម ពួកគាត់ឱ្យបានល្អនិងមានភាពកក់ក្ដៅដូចជាគ្រួសារខ្មែរយើងនៅពេលឪពុកម្ដាយចាស់ជរាទៅកូនចៅមើលថែទាំឪពុកម្ដាយអញ្ចឹងដែរ៕

