អុីរ៉ង់កំពុងពិនិត្យលើសំណើថ្មីមួយរបស់អាមេរិក បន្ទាប់ពីមានប្រភពបង្ហើបថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ កំពុងខិតជិតសម្រេចបាននូវអនុស្សរណៈដើម្បីបញ្ចប់សង្គ្រាម

អ៊ីស្លាម៉ាបាដ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រទេសអ៊ីរ៉ង់ នាថ្ងៃពុធនេះបានឱ្យដឹងថា ខ្លួនកំពុងពិនិត្យលើសំណើថ្មីមួយរបស់សហរដ្ឋអាមេរិក បន្ទាប់ពីមានប្រភពបង្ហើបថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់កំពុងខិតជិតសម្រេច បាននូវអនុស្សរណៈដែលមានខ្លឹមសារត្រឹមតែមួយទំព័រ ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្រ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់នឹងផ្ដល់ចម្លើយតបវិញក្នុងពេលឆាប់ៗ តាមរយៈប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល និងជាអ្នកនាំសារដ៏សំខាន់រវាងភាគីទាំងពីរ។
ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានបង្ហោះសារលើបណ្ដាញសង្គមថា សង្គ្រាមអាចនឹងបញ្ចប់ ប្រសិនបើអ៊ីរ៉ង់យល់ព្រមគោរពតាមអ្វីដែលបានព្រមព្រៀងគ្នា លើអនុស្សរណៈដែលមាន ១៤ចំណុចសំខាន់ៗ សំដៅបញ្ចប់ជម្លោះជាផ្លូវការ និងឈានទៅរកការជជែកពីការបើកច្រកសមុទ្រហ័រមូស ព្រមទាំងការដកទណ្ឌកម្មសេដ្ឋកិច្ច។
ទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អាមេរិក មិនទាន់មានការបញ្ចេញមតិជាសាធារណៈណាមួយនៅឡើយទេជុំវិញវឌ្ឍនភាពនេះ៕

