លោក ត្រាំ៖ កូរ៉េខាងត្បូងគួរតែចូលរួមជាមួយអាមេរិក ក្នុងកិច្ចខិតខំប្រឹងប្រែងការពារការធ្វើនាវាចរណ៍ ក្បែរប្រទេសអ៉ីរ៉ង់

បរទេស៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កូរ៉េខាងត្បូងគួរតែចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងកិច្ចខិតខំប្រឹងប្រែងការពារការធ្វើនាវាចរណ៍ ក្បែរប្រទេសអ៉ីរ៉ង់ ដោយបន្ថែមថារដ្ឋមន្រ្តីការពារជាតិ លោក Pete Hegseth រួមជាមួយប្រធានអគ្គសេនាធិការចម្រុះ លោក Dan Caine នឹងធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦។
នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បញ្ជាក់ថា «អ៉ីរ៉ង់ បានបាញ់កប៉ាល់របស់ប្រទេសមួយចំនួនដែលមិនពាក់ព័ន្ធ រួមទាំងកប៉ាល់ដឹកទំនិញរបស់កូរ៉េខាងត្បូងផងដែរ។ ប្រហែលជាដល់ពេល ដែលកូរ៉េខាងត្បូងមកចូលរួមបេសកកម្មហើយ»។
លោក ត្រាំ បានដាក់យុទ្ធនាការ «Project Freedom» ដោយស្នើឱ្យប្រទេសនៅជុំវិញពិភពលោក មករំដោះកប៉ាល់របស់ពួកគេ ដែលជាប់គាំងនៅច្រកសមុទ្រ Hormuz ហើយថាសហរដ្ឋអាមេរិក នឹងជួយនាំផ្លូវកប៉ាល់ទាំងនោះចេញដោយសុវត្ថិភាព ពីផ្លូវទឹកដែលត្រូវបានរឹតត្បិត៕

