សម្តេចធិបតីក្រើនរំលឹកថា បច្ចេកវិទ្យាទំនើបជារឿងល្អ តែបើមនុស្សគ្មានសមត្ថភាពក៏មិនអាចប្រើបានដែរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹកថា បច្ចេកវិទ្យាទំនើបជារឿងល្អ តែបើមនុស្សគ្មានសមត្ថភាព ក៏មិនអាចប្រើបានដែរ ដូច្នេះការពង្រឹងសមត្ថភាពមនុស្ស ជាកិច្ចការចាំបាច់។
សម្ដេចបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ។
សម្តេចធិបតី ណែនាំក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជ ការ, បុគ្គលិក កម្មករ និយោជិត របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបន្តខិតខំបំពេញការងារឱ្យបានកាន់ល្អថែមទៀត ដើម្បីបង្ហាញនូវសុឆន្ទៈ សមត្ថភាព និងប្រសិទ្ធ ភាពការងាររបស់យើង ដើម្បីលើកកម្ពស់ការផ្តល់សេវាកំពង់ផែឱ្យកាន់តែប្រសើរសម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្មកម្រិតអន្តរជាតិប្រកបដោយភាពប្រកួតប្រជែងខ្ពស់។
ជាមួយគ្នានេះសម្តេចបានណែនាំក្រសួងសាធារណការ និង ដឹកជញ្ជួន និង ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តបង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធ ប្រកបដោយតម្លាភាព និប្រសិទ្ធភាពខ្ពស់ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រងសេវាកម្មគ្រប់ផ្នែក នៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យបានកាន់តែប្រសើរឡើងដែលទាំងអស់នេះ មានសារៈសំខាន់បំផុតក្នុងការលើកកម្ពស់ការជឿទុកចិត្តពីសំណាក់អតិថិជន វិនិយោគិនជាតិ-អន្តរជាតិលើសេវាកំពង់ផែ៕

