សម្តេចធិបតី៖ រាជរដ្ឋាភិបាលនឹងមិនអនុញ្ញាតឱ្យបង្កើតកំពង់ផែទឹកជ្រៅខ្នាតអន្តរជាតិបន្ថែមទៀតទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងមិនអនុញ្ញាតឱ្យបង្កើតកំពង់ផែទឹកជ្រៅខ្នាតអន្តរជាតិបន្ថែមទៀតទេ ប៉ុន្ដែត្រូវជំរុញកំពង់ផែដែលកំពុងមានឱ្យអនុវត្តឱ្យអស់លទ្ធភាព និងបំពេញគ្នាទៅវិញទៅមក មិនមែនជាការប្រកួតប្រជែងគ្នាទេ។
សម្ដេចបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានឱ្យដឹងថា បច្ចុប្បបន្ន រាជរដ្ឋាភិបាលកំពុងសាងសង់ កំពង់ធ្វើផែពហុបំណង នៅខេត្តកំពង់ឆ្នាំង និងខេត្តក្រចេះ ខណៈរាជរដ្ឋាភិបាលក៏កំពុងសាងសង់ព្រែកជីកហ្វូណនតេជោ ដើមតភ្ជាប់ផ្លូវទឹកសមុទ្រ និងផ្លូវទឹកសាបរបស់កម្ពុជា កាត់បន្ថែយតម្លៃដឹកញ្ជូនតាមផ្លូវគោក៕

