ប្រធានាធិបតីអុីរ៉ង់៖ ការប្រុងប្រយ័ត្ន និងការមិនទុកចិត្តចំពោះទីក្រុងវ៉ាស៊ីនតោន គឺជាភាពចាំបាច់ដែលមិនអាចប្រកែកបាន

តេហេរ៉ង់៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA លោក ម៉ាស៊ូដ ប៉េសេសគៀន (Masoud Pezeshkian) ប្រធានាធិបតីអ៊ីរ៉ង់ បានថ្លែងនាថ្ងៃចន្ទថា គ្រប់មធ្យោបាយការទូតប្រកបដោយហេតុផលគួរតែត្រូវបានប្រើប្រាស់ ដើម្បីកាត់បន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិក ប៉ុន្តែលោកបានបន្ថែមថា ការប្រុងប្រយ័ត្ន និងការមិនទុកចិត្តចំពោះទីក្រុងវ៉ាស៊ីនតោន គឺជា «ភាពចាំបាច់ដែលមិនអាចប្រកែកបាន»។
ការបញ្ជាក់ជំហរនេះធ្វើឡើងចំពេលបទឈប់បាញ់រយៈពេលពីរសប្តាហ៍នឹងត្រូវផុតកំណត់នៅថ្ងៃពុធខាងមុខ ខណៈដែលក្រុមអ្នកចរចាអាមេរិកបានធ្វើដំណើរទៅដល់ប្រទេសប៉ាគីស្ថានហើយ ប៉ុន្តែអ៊ីរ៉ង់នៅមិនទាន់បញ្ជាក់ពីការបញ្ជូនប្រតិភូរបស់ខ្លួនទៅចូលរួមឡើយ។
ប្រភពពីអ៊ីរ៉ង់បានបង្ហើបថា ទីក្រុងតេហេរ៉ង់ អាចនឹងមិនចូលរួមចរចាជុំទីពីរទេ ដោយសារតែការទាមទាររបស់អាមេរិកមានលក្ខណៈ «ហួសហេតុ និងមិនសមហេតុផល»។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសជាសត្រូវទាំងពីរនៅតែបន្តប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងនៅច្រកសមុទ្រហ័រមូស ដោយបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើបទឈប់បាញ់៕
