មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡាថា គ្មានការសោកស្តាយឡើយ ជុំវិញការប្រគល់ពានរង្វាន់ណូបែលសន្តិភាពរបស់ជាអំណោយដល់លោក ដូណាល់ ត្រាំ

ម៉ាឌ្រីដ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP មេដឹកនាំបក្សប្រឆាំងនៃប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado កាលពីថ្ងៃសៅរ៍ ទី១៨ ខែមេសា បាននិយាយថា លោកស្រីគ្មានការសោកស្តាយឡើយ ជុំវិញការប្រគល់ពានរង្វាន់ណូបែលសន្តិភាពរបស់លោកស្រី ជាអំណោយដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែមករា។
លោកស្រី Machado បានកោតសរសើរថា លោក ត្រាំ គឺជាមេដឹកនាំពិភពលោកម្នាក់ ដែលសុខចិត្តប្រថុយអាយុជីវិតពលរដ្ឋនៃប្រទេសរបស់លោក ដើម្បីសេរីភាព របស់ប្រទេសវ៉េណេស៊ុយអេឡា។
លោកស្រីបានប្រគល់មេដាយណូបែលសន្តិភាព ឱ្យលោក ត្រាំ ពេលជួបគ្នានៅសេតវិមាន ត្រឹម២សប្តាហ៍បន្ទាប់ពីលោក ត្រាំ បានបញ្ជាឱ្យយោធាអាមេរិក វាយប្រហារវ៉េណេស៊ុយអេឡា ហើយចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro។
លោកស្រី Machado បាននិយាយថា ប្រតិបត្តិការយោធាអាមេរិក ដើម្បីចាប់ខ្លួនលោក Maduro ដែលឥឡូវកំពុងជាប់ឃុំឃាំងនៅទីក្រុង New York ដោយ ប្រឈមការចោទប្រកាន់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន គឺជាអ្វីដែលប្រជាជនវ៉េណេស៊ុយអេឡា នឹងគ្មានថ្ងៃបំភ្លេចបានឡើយ។
លោកស្រីបានបន្តថា ដូច្នេះហើយ លោកស្រីមិនស្តាយក្រោយទេ ចំពោះការឱ្យមេដាយណូបែលជាកាដូដល់លោក ត្រាំ។
គួរបញ្ជាក់ថា លោក ត្រាំ ដែលតែងចង់បានពានរង្វាន់ណូបែលសន្តិភាពយូរមកហើយនោះ បច្ចុប្បន្នកំពុងជាប់ផុងក្នុងសង្រ្គាមនៅមជ្ឈិមបូព៌ា ដែលលោកបានបង្កឡើង ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន គឺនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ដោយបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងប្រទេសអ៉ីរ៉ង់ កាលពីចុងខែកុម្ភៈ៕

