សម្ដេចធិបតី៖ អំឡុងជួបជាមួយប្រធានាធិបតីបារាំង សម្ដេចបានស្នើដល់ប្រធានាធិបតីបារាំងជំរុញទៅថៃ ឱ្យចូលរួមដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា អំឡុងជួបជាមួយឯកឧត្ដមប្រធានាធិបតីបារាំង សម្ដេចបានស្នើដល់ប្រធានាធិបតីបារាំងជំរុញទៅថៃ ឱ្យចូលរួមដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ដោយផ្អែកលើយន្តការអន្តរជាតិ និងច្បាប់អន្តរជាតិ។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី២ ប្រវែង១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្ដាល-សមុទ្រ ខេត្តកែប នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតីបន្ថែមថា អំឡុងជួបជាមួយ ប្រធានាធិបតីបារាំងនោះ សម្ដេចបានជម្រាបជូនប្រធានាធិបតីបារាំង អំពីស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ ពិសេសការចូលកាន់កាប់ និងសាងសង់សំណង់នានារបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា។
សម្ដេចបញ្ជាក់ច្បាស់ៗថា អ្វីដែលសម្ដេចជម្រាបជូនទៅប្រធានាធិបតីបារាំង គឺដើម្បីឱ្យបារាំងជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយឈរលើភាពយុត្តិធម៌ និងស្របតាមច្បាប់អន្តរជាតិ ដែលគ្រប់ភាគីទទួលយកបានមិនមែនឱ្យបារាំងកាន់ជើងកម្ពុជានោះទេ៕

