អភិបាលខេត្តកំពង់ធំ៖ ឆ្នាំនេះខេត្តកំពង់ធំ នឹងមានការរៀបចំ «សង្ក្រាន្តកំពង់ធំ» ឱ្យធំជាងឆ្នាំមុន ដើម្បីទាក់ទាញភ្ញៀវទេសចរ

កំពង់ធំ៖ អភិបាលខេត្តកំពង់ធំ ឯកឧត្ដម នួន ផារ័ត្ន បានថ្លែងថា ឆ្នាំនេះខេត្តកំពង់ធំ នឹងមានការរៀបចំ «សង្ក្រាន្តកំពង់ធំ» ឱ្យបានធំជាងឆ្នាំមុន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យចូលរួមទស្សនាកំសាន្ត បង្កើតបានជាបរិយាកាសសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដែលនឹងឈានមកដល់ក្នុងពេលខាងមុខនេះ។
ឯកឧត្ដមថា “ដូច្នេះដើម្បីឱ្យដំណើរការពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រព្រឹត្តិទៅដោយរលូន និងមានភាពសប្បាយរីករាយ មន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងអាជ្ញាធរក្រុងស្រុក ខិតខំចលនាបងប្អូនប្រជាពលរដ្ឋ សំអាតបរិស្ថានជុំវិញផ្ទះ និងមុខផ្ទះឱ្យបានស្អាត ជាពិសេសអ្នករស់នៅក្នុងក្រុងស្ទឹងសែន”។
ឯកឧត្ដម នួន ផារ័ត្ន លើកឡើងថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងអំណរគុណកងកម្លាំងដែលបានខិតខំក្នុងការការពារសន្តិសុខសណ្តាប់សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាការពារថ្នាក់ដឹកនាំ ដែលមានបេសកកម្មក្នុងទឹកដីខេត្តកំពង់ធំ។
ឯកឧត្ដមបន្ថែមថា រដ្ឋបាលខេត្តបានរៀបចំតុងតែងលម្អនៅតាមសួនស្ទឹងសែន និងតាមដងផ្លូវសាធារណៈក្នុងក្រុងស្ទឹងសែន ឱ្យមានភាពទាក់ទាញ លើកកម្ពស់សោភ័ណ្ឌភាពក្នុងក្រុងកាន់តែស្រស់ស្អាតថែមទៀត៕

