លោកជំទាវ ឡោក ខេង កោតសរសើរចំពោះមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកដែលបាន បញ្ជ្រាបនូវកម្មវិធីគោលនយោ បាយ ថ្នាក់ជាតិទទួលបានជោគជ័យក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖ លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំគណ:ប្រតិភូគណ:កម្មការទី៨ ចុះស្វែងយល់ពីវឌ្ឍនភាពការងារ ក៏ដូចជាបញ្ហាប្រឈមនានានៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។
លោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានមានប្រសាស ន៍ថា៖មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក គឺជាបង្គោលចរដ៏សំខាន់នៃវិស័យសុខាភិបាលកម្ពុជា ដែលមានបេសកកម្មចម្បងក្នុងការផ្តល់សេវាសុខភាពបន្តពូជ មាតា ទារក និងកុមារ។
លោកស្រីវេជ្ជបណ្ឌិត បានលើឡើងថា៖មជ្ឈមណ្ឌលមិនត្រឹមតែជាកន្លែងព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែជាសេនាធិការដឹកនាំកម្មវិធីជាតិគាំពារមាតា និងទារកនៅទូទាំងប្រទេសដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ “មាតាមានសុវត្ថិភាព ទារកមានសុខភាពល្អ”។
លោកស្រីវេជ្ជបណ្ឌិតប្រធានមជ្ឈមណ្ឌលក៏បានជម្រាបជូនអំពីសមិទ្ធផលសំខាន់ៗ រួមមានការជួយសង្គ្រោះទារកមិនគ្រប់ខែការវះកាត់សម្រាលប្រកបដោយសុវត្ថិភាព និងការអនុវត្តកម្មវិធីជាតិស្តីពីការផ្តល់អាហារូបត្ថម្ភ និងវ៉ាក់សាំង។
ទន្ទឹមនឹងនេះ លោកស្រីវេជ្ជបណ្ឌិតក៏បានលើកឡើងពីបញ្ហាប្រឈមដូចជា កង្វះខាតសម្ភារបរិក្ខារពេទ្យទំនើបៗ និងតម្រូវការពង្រីកហេដ្ឋារចនាសម្ព័ន្ធអគារ ដើម្បីឆ្លើយតបនឹងចំនួនអ្នកជំងឺដែលកើនឡើងជាលំដាប់។ មួយវិញទៀត មជ្ឈមណ្ឌលក៏បានរៀបចំគោលនយោបាយថ្នាក់ជាតិក្នុងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ តាមរយៈការអនុវត្តកម្មវិធីជាតិចំនួន៥ រួមមាន កម្មវិធីជាតិសុខភាពបន្តពូជ កម្មវិធីជាតិអាហារូបត្ថម្ភ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ រាក និងអាសន្នរោគ កម្មវិធីជាតិបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន និងមណ្ឌលបណ្តុះបណ្តាលចំនួន១ ដែលជាកន្លែងបណ្តុះបណ្តាលបំប៉នជំនាញបន្ថែមដល់មន្ត្រីសុខាភិបាលជាវេជ្ជបណ្ឌិត និងឆ្មបមកពីបណ្តាខេត្ត-រាជធានីទូទាំងប្រទេស។
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨រដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍរបស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកដែលបានបញ្ជ្រាបនូវកម្មវិធីគោលនយោបាយថ្នាក់ជាតិទទួលបានជោគជ័យ ក្នុងការផ្តល់សេវាសុខាភិបាលប្រកប ដោយប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់នៃអត្រាការស្លាប់ម្តាយនិងទារក។
លោកជំទាវ ឡោក ខេង ក៏បានថ្លែងអំណរគុណដល់ក្រុមកងទ័ពអាវសដែលបានយកចិត្តទុកដាក់លើការផ្តល់សេវាថែទាំសុខុ មាលភាពរបស់បងប្អូនប្រជាពលរដ្ឋដោយទឹកចិត្ត និងបេះដូងពិតប្រាកដ និងបានផ្សព្វផ្សាយនូវគោលនយោបាយថ្នាក់ជាតិ ឱ្យបងប្អូនប្រជាពលរដ្ឋយល់ច្បាស់ពីការបង្ការជំងឺផ្សេងៗ ជាពិសេស ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ធ្វើយ៉ាងណាឱ្យសម្រេច បាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវសុខភាពជាសកល៕

