កម្ពុជា និងកាណាដា ប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងរួមចំណែកយ៉ាងសកម្មភាពក្នុងការលើកកម្ពស់ហ្វ្រង់កូហ្វូនី

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងបរិយាកាសប្រកបដោយភាពស្មោះត្រង់ និងស្និទ្ធស្នាល ភាគីទាំងពីរបានពិភាក្សាដោយផ្ដោតលើវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ។
ភាគីទាំងពីរក៏បានផ្លាស់ប្ដូរទស្សនស្ដីពីលទ្ធភាពផ្ដល់កិច្ចសហប្រតិបត្តិការ និងបានពិនិត្យមើលយន្តការបច្ចេកទេសចាំបាច់ ដើម្បីធានាបាននូវភាពជោគជ័យនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ។
ជំនួបនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា និងកាណាដា ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងរួមចំណែកយ៉ាងសកម្មភាពក្នុងការលើកកម្ពស់ហ្វ្រង់កូហ្វូនី៕

