ឯកឧត្តម ហេង សុផាន់ណារិទ្ធ ណែនាំឱ្យបង្កើនប្រសិទ្ធភាពផលិតឧបករណ៍ផ្សព្វផ្សាយតាមបណ្ដាញសង្គម ឱ្យកាន់តែទូលំទូលាយ ស្របតាមបរិបទបច្ចុប្បន្ន

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែមីនា របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យក្រុមការងារពង្រឹងការផលិតមាតិកាផ្សព្វផ្សាយតាមបណ្ដាញសង្គម ឱ្យមានភាពច្នៃប្រឌិត ងាយយល់ និងមានភាពទាក់ទាញ ដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ និងនីតិវិធីផ្សេងៗរបស់ ប.ស.ស. ទៅដល់បងប្អូនសមាជិក ប.ស.ស. ឱ្យកាន់តែទូលំទូលាយ ស្របតាមបរិបទបច្ចុប្បន្ន។
ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានពិនិត្យលើលទ្ធផលការងារសម្រេចបានប្រចាំខែមីនា និងដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងជួបប្រទះ ដើម្បីពង្រឹង និងពង្រីកវិសាលភាពបន្ថែម នៃការផ្តល់ព័ត៌មានជូនសាធារណជនឱ្យកាន់តែមានភាពទំនើបកម្ម ឆាប់រហ័ស និងទាន់ពេលវេលា ដែលជាព័ត៌មានជាក់លាក់ ច្បាស់លាស់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋដែលជាសមាជិក ប.ស.ស.។
ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានជំរុញណែនាំបុគ្គលិកបច្ចេកទេសជំនាញដែលគ្រប់គ្រងបណ្ដាញសង្គម និងក្រុមការងារដែលជាអ្នកផ្តល់សេវាអតិថិជន ត្រូវបង្កើនភាពសកម្មក្នុងការឆ្លើយតបរាល់ចម្ងល់ ឬសំណូមពររបស់សមាជិក ដោយត្រូវធានាបាននូវភាពត្រឹមត្រូវ ច្បាស់លាស់ និងមានវិជ្ជាជីវៈខ្ពស់។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានការចូលរួម ពីលោកប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ សរុបប្រមាណជាង ២០នាក់៕

