រដ្ឋបាលថ្នាក់ក្រោមជាតិនិងអ្នកពាក់ព័ន្ធ បានទទួលចំណេះដឹងបន្ថែម លើការគ្រប់គ្រងតំបន់ការពារធម្មជាតិ ក្រោមបទប្បញ្ញត្តិ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ

មណ្ឌលគិរី៖ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញមកពីក្រសួងយុត្តិធម៌ បានចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹងអំពីខ្លឹមសារសំខាន់ៗ នៃបទប្បញ្ញត្តិ ក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលទាក់ទងនឹងការគ្រប់គ្រង តំបន់ការពារធម្មជាតិ និងតម្រង់ទិសការអនុវត្តនិងពង្រឹងចំណេះដឹង សមត្ថភាព លើផ្នែកច្បាប់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីឧទ្យានុរក្ស ភ្នាក់ងារល្បាតសហគមន៍ និងសហគមន៍មូលដ្ឋាន និងមន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងសំណុំរឿង បទល្មើសធនធានធម្មជាតិ ប្រកបដោយភាពត្រឹមត្រូវនិងច្បាស់លាស់។
វេទិកាផ្សព្វផ្សាយ និងបញ្រ្ជាបចំណេះដឹង ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ក្រោមបទប្បញ្ញត្តិ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ បានរៀបចំឡើង នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រោមកិច្ចសម្របសម្រួលពីនាយកដ្ឋាន អធិការកិច្ចនិង ពង្រឹងការអនុវត្តច្បាប់ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ បានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីបរិស្ថានខេត្តមណ្ឌលគិរី និងអង្គការ WCS អង្គការ WWFនិងអង្គការ Nature Life Cambodia និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជរាជការក្រសួងបរិស្ថាន អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ដែលមានសមាសភាពចូលរួមជាថ្នាក់ដឹកនាំនិងមន្រ្តី មកពីរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិដែលពាក់ព័ន្ធ នឹងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃលំផាត់ភូមិសាស្រ្តខេត្តមណ្ឌលគិរី ដែនជម្រកសត្វព្រៃកែវសីមាភូមិសាស្រ្តខេត្តក្រចេះ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្រ្តីរាជការនៃនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរ្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តព្រះវិហារ ភ្នាក់ងារល្បាតនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហគមន៍តំបន់ការពារធម្មជាតិ តំណាងអង្គការដៃគូ ជាច្រើននាក់។
សូមបញ្ជាក់ថា វេទិការនាពេលនេះ អញ្ជើញបើកវេទិកាដោយ ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមាន វាគ្មិនសំខាន់ ជាថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងក្រសួងយុត្តិធម៌ បានធ្វើបទបង្ហាញដែលមានខ្លឹមសារខំខាន់ៗ ក្រោមបទប្បញ្ញត្តិនៃក្រមបរិស្ថានធនធានធម្មជាតិ រួមមានៈ (១)-ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានធ្វើបាឋកថាក្នុងគន្ថីទី១០ ទោសប្បញ្ញត្តិ (២)-ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានធ្វើបាឋកថានិងបទបង្ហាញក្នុងគន្ថីទី៩ ការដោះស្រាយវិវាទបរិស្ថាននិងធនធានធម្មជាតិ និង(៣)-ឯកឧត្តម គឹម ណុង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ធ្វើបាឋកថា និងបទបង្ហាញក្នុងគន្ថីទី៤ ការគ្រប់គ្រងតំបន់តំបន់ការពារធម្មជាតិ៕

