លោកស្រី គីម យ៉ូជុង បានព្រមានថា កិច្ចប្រជុំកំពូលរវាងបងប្រុសរបស់លោកស្រី និងនាយករដ្ឋមន្ត្រីជប៉ុន នឹងមិនអាចកើតឡើងបានឡើយ

បរទេស៖ នាថ្ងៃចន្ទ លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមានថា កិច្ចប្រជុំកំពូលរវាងបងប្រុសរបស់លោកស្រី និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នឹងមិនអាចកើតឡើងបានឡើយ ប្រសិនបើជប៉ុននៅតែបន្តប្រកាន់ខ្ជាប់នូវ «របៀបរបបដ៏ហួសសម័យ» របស់ខ្លួន។
ការលើកឡើងរបស់លោកស្រី គីម យ៉ូជុង ធ្វើឡើងបន្ទាប់ពីលោកស្រី Takaichi បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុនថា លោកស្រីមាន «បំណងប្រាថ្នាយ៉ាងខ្លាំង» ក្នុងការជួបជាមួយលោក គីម ជុងអ៊ុន។
លោកស្រី គីម យ៉ូជុង បានឆ្លើយតបវិញយ៉ាងចាស់ដៃថា «សម្រាប់មេដឹកនាំកំពូលនៃប្រទេសទាំងពីរ ដើម្បីជួបគ្នាបាន ជប៉ុនត្រូវតែមានការតាំងចិត្តមុតមាំក្នុងការកាត់ផ្តាច់ខ្លួនចេញពីការអនុវត្ត និងទម្លាប់ដ៏ហួសសម័យរបស់ខ្លួនជាមុនសិន»។ ទោះបីជាលោកស្រីមិនបានបញ្ជាក់ច្បាស់ថា «ទម្លាប់ហួសសម័យ» នោះគឺជាអ្វីក៏ដោយ ប៉ុន្តែគេដឹងថា កូរ៉េខាងជើងធ្លាប់ទាមទារឱ្យជប៉ុនត្រូវព្រងើយកន្តើយនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន និងបំភ្លេចករណីចាប់ជំរិតពលរដ្ឋជប៉ុនកាលពីអតីតកាល។
គួរបញ្ជាក់ថា កិច្ចចរចារវាងប្រទេសទាំងពីរបានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈឱកាសនៃកិច្ចប្រជុំកំពូលនេះនៅតែមានកម្រិតទាបបំផុត ដរាបណាកូរ៉េខាងជើងនៅតែបដិសេធមិនវិលត្រឡប់ទៅរកផ្លូវការទូតជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕

