គ្រួសាររងគ្រោះដោយវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន២០៨គ្រួសារ នៅស្រុកអូរជ្រៅ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ នួម សុភ័ណ អនុប្រធាន កត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចែកអំណោយមនុស្សធម៌ ដល់ក្រុមគ្រួសារដែលខូចខាតផ្ទះ ជម្លោះតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នាពេលកន្លង ចំនួន២០៨គ្រួសារ នៅស្រុកអូរជ្រៅ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ។
ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំដេរប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទ មុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលសម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច។
នាឱកាសឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍បញ្ជាក់ថា ក្នុងដំណាក់កាលដែលយោធាថៃបេីកការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា អ្វីដែលសម្តេច បារម្ភ ជាគេ គឺសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដេីម្បីជម្លាសខ្លួនទៅរកកន្លែងសុវត្ថិភាព។ ហេីយសម្តេចក៏បានចាត់ក្រុមការងារនៅជាមួយបងប្អូនគ្រប់កាលៈ ទេសៈ និងជួយផ្ដល់ស្បៀងជួយដល់បងប្អូនប្រជាពលរដ្ឋដើម្បីផ្គត់ផ្គង់ប្រចាំថ្ងៃ។
ក្នុងនោះក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្ដម ក៏បានចូលរួមសម្តែងការសោកស្តាយចំពោះផ្ទះសំបែងរបស់បងប្អូនដែលត្រូវទទួលបានការខូចខាតដោយសាយោធាថៃប្រេីប្រាស់អាវុធធុនធ្ងន់ធ្វេីឱ្យផ្ទះសំបែងរបស់បងប្អូនរងការខូចខាត និងត្រូវបំផ្លិតបំផ្លាញ។ និងសូមឱ្យបងប្អូនអត់ធ្មត់ និងជឿជាក់លេីប្រមុខរាជរដ្ឋាភិបាលលេីកិច្ចការងារដោះស្រាយបញ្ហាតាមបន្ទាត់ព្រំដែនដោយសន្តិវិធី។
សម្ភារៈផ្តល់ជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាមួយចំនួនផងដែរ៕

