ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ណែនាំអាជ្ញាធរមូលដ្ឋាន ត្រូវបន្តពង្រឹងការងារសន្តិសុខ ដើម្បីទប់ស្កាត់បទល្មើសនានា

កណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្លាប់សាធារណៈ ដើម្បីទប់ស្កាត់បទល្មើសនានា និងសម្រាប់រដូវបុណ្យចូលឆ្នាំខាងមុខ។
ការណែនាំបែបនេះក្នុងឱកាសដែល ឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី ២២ អាណត្តិទី ៤ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ដោយបានការអញ្ជើញចូលរួមពីសំណាក់ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត ផងដែរ។
ឯកឧត្តមបន្តទៀតថា ចំពោះបញ្ហាការឡើងថ្លៃប្រេងសាំង ឯកឧត្តម ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធក្តាប់ឱ្យបាននូវស្ថានភាពនេះ ថាតើស្ថានីយ៍ឬដេប៉ូប៉ុន្មានដែលដំណើរការ និងស្ថានីយ៍ឬដេប៉ូលណាដែលមិនដំណើរការ និងស្ថានីយ៍ឬដេប៉ូណាដែលលក់តម្លៃលើសពីការកំណត់របស់ក្រសួងពាណិជ្ជកម្ម។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរ និងស្នើដល់បណ្ដា មន្ទីរអង្គភាពនានាក្នុងខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវតែបន្តយកចិត្តទុកដាក់ដោះស្រាយ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។
លោក តាំង ម៉ងលាន មានប្រសាសន៍ថា ក្រោមការរដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងតាមការចង្អុលបង្ហាញពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ក្នុងយុទ្ធនាការបោសសំអាត (game online) ក្នុងទឹកដីខេត្តកណ្ដាល គឺរដ្ឋបាលខេត្តបានធ្វើយ៉ាងសកម្ម នឹងបានបន្តធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជា កម្លាំងមានសមត្ថកិច្ច ត្រូវតាមដាននៅទីតាំងបង្ការនៃការកើតថ្មី ក៏ដូចជាការគ្រប់គ្រងនៅទីតាំងមួយចំនួនដែលយើងបានបង្ក្រាប៕

