អាជ្ញាធរខេត្តសៀមរាប និងនាយកប្រតិបត្តិអង្គការ PCL ឯកភាពគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីលុបបំបាត់ភាពក្រីក្រ

សៀមរាប៖ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក យុន លីនណេ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តសៀមរាប បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Travis Johnson នាយកប្រតិបត្តិអង្គការ People for Care and Learning (PCL) ប្រចាំសហរដ្ឋអាមេរិក ក្នុងគោលបំណងដើម្បីរាយការណ៍អំពីបច្ចុប្បន្នភាពនៃការអនុវត្តគម្រោងវិស័យអប់រំ និងសកម្មភាពសប្បុរសធម៌ជួយជនភៀសសឹកl ក្នុងខេត្តសៀមរាប ក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ ដែលសកម្មភាពមនុស្សធម៌នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីតថភាពពិតនៃអធិបតេយ្យភាព និងសន្តិភាពរបស់កម្ពុជាទៅកាន់ថ្នាក់ដឹកនាំនៅសហរដ្ឋអាមេរិក។
បន្ថែមលើនេះ លោកនាយកប្រតិបត្តិអង្គការ ក៏បានជម្រាបជូនពីសមិទ្ធផលថ្មីមួយបន្ថែមទៀត គឺការសម្ពោធសាលារៀនថ្មីមួយកន្លែងផ្សេងទៀតរបស់អង្គការ នៅស្រុកពួក និងការប្តេជ្ញាចិត្តបន្តបេសកកម្មលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងខេត្តសៀមរាប។
លោក អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ PCL ដែលជាដៃគូអភិវឌ្ឍដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តសៀមរាប លើវិស័យអប់រំតាមរយៈការបណ្តុះបណ្តាលថ្នាក់ភាសាអង់គ្លេស កុំព្យូទ័រដោយឥតគិតថ្លៃដល់សិស្សានុសិស្សដែលមានជីវភាពក្រីក្រតាមតំបន់គោលដៅរបស់អង្គការ។
ជាទីបញ្ចប់ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីលុបបំបាត់ភាពក្រីក្រ តាមរយៈការលើកកម្ពស់សក្តានុពលធនធានមនុស្ស និងការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបឱ្យកាន់តែប្រសើរ៕

