អគ្គនាយកអន្តោប្រវេសន៍ បណ្ដេញជនបរទេសចំនួន ៦១៥នាក់ ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់

ភ្នំពេញ៖ នៅដើមខែមីនា គិតចាប់ពីថ្ងៃទី១ដល់៤ ខែមីនា ឆ្នាំ២០២៦នេះ អគ្គនាយកអន្តោប្រវេសន៍បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង អនុវត្ត នីតិវិធី បន្តធ្វើការបណ្តេញជនបរទេស សរុបចំនួន ៦១៥នាក់ (ស្រី ៨៤នាក់) មាន ១៧សញ្ជាតិ រួមមាន៖ ចិន ប៉ាគីស្ថាន បង់ក្លាដេស មីយ៉ាន់ម៉ា ចិនតៃវ៉ាន់ កាមេរូន ឥណ្ឌូនេស៊ី ឥណ្ឌា យ៉ូហ្គង់ដា កេនយ៉ា នីហ្សេរីយ៉ា ម៉ាឡេស៊ី ហ្គាណា ថៃ កូរ៉េ រវ៉ាន់ដា និងនេប៉ាល់ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះដែលមានជនជាតិចិនចំនួន ៣៣០នាក់ ស្រី ១២នាក់ បណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនបរទេសមួយចំនួនទៀតពាក់ ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

