នាយករដ្ឋមន្រ្តីអេស៉្បាញ ប្រកាន់ជំហរជំទាស់យ៉ាងរឹងមាំ ចំពោះការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់ ដោយព្រមានថា ជម្លោះនេះកំពុងលេងល្បែងជាមួយអាយុជីវិតមនុស្សរាប់លាននាក់

ម៉ាឌ្រីដ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក Pedro Sanchez បានប្រកាន់ជំហរជំទាស់យ៉ាងរឹងមាំរបស់លោក ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើប្រទេសអ៉ីរ៉ង់ ដោយព្រមានថា ជម្លោះនេះកំពុងលេងល្បែងជាមួយអាយុជីវិតមនុស្សរាប់លាននាក់។
លោក Sanchez បានលើកឡើងថា «នេះហើយគឺជារបៀបដែលគ្រោះមហន្តរាយធំរបស់មនុស្សជាតិចាប់ផ្តើម អ្នកមិនអាចលេងល្បែងជាមួយជោគវាសនារបស់មនុស្សរាប់លាននាក់បានទេ»។
លោកនាយករដ្ឋមន្រ្តីអេស៉្បាញ បានបន្តថា គោលជំហររបស់រដ្ឋាភិបាលអេស៉្បាញមានភាពច្បាស់លាស់គឺ ឆ្លើយថាទេចំពោះសង្រ្គាម។ លោក Sanchez បានបន្ថែមថា «យើងនឹងមិនចូលពាក់ព័ន្ធក្នុងអ្វីមួយ ដែលជះផលអាក្រក់សម្រាប់ពិភពលោក ឬផ្ទុយពីគុណតម្លៃនិងប្រយោជន៍របស់យើង ដោយសារគ្រាន់តែខ្លាចការគំរាមកំហែង និងសងសឹកពីនរណាម្នាក់ឡើយ»។
លោក Sanchez បានលើកឡើងដូចខាងលើ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ ជាមួយទីក្រុងម៉ាឌ្រីដ ដោយសារគោលជំហរជុំវិញជម្លោះដែលកំពុងផ្ទុះឡើងនៅមជ្ឈិមបូព៌ា៕

