សម្តេចធិបតី៖ កម្ពុជាបាននិងកំពុងជំរុញយ៉ាងសកម្ម នូវការអភិវឌ្ឍសមត្ថភាព Logistics របស់ខ្លួន ដើម្បីបំពេញបន្ថែមដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជា បាននិងកំពុងជំរុញយ៉ាងសកម្ម នូវការអភិវឌ្ឍសមត្ថភាព Logistics របស់ខ្លួន ដើម្បីបំពេញបន្ថែមដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ។
សម្ដេចបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន កម្ពុជាឆ្នាំ២០២៦ ប្រធានបទ «បរិវត្តកម្មអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម»នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។
ពិធីបើកកិច្ចប្រជុំកំពូលនេះមានការអញ្ជើញចូលរួមពីសំណាក់បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, លោក ចូអ៊ី ខនសិបសិន ប្រធានក្រុមប្រឹក្សាពិគ្រោះ យោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ សរុប ៣០៦ ក្រុមហ៊ុន និងធុរជនជាតិ និងអន្តរជាតិជិត ៧០០នាក់។ វេទិកានេះនឹងផ្តល់នូវឱកាសសម្រាប់ការផ្គូរផ្គងអាជីវកម្មយ៉ាងទូលំទូលាយ លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាដៃគូសហការក្នុងតំបន់។
ក្នុងឱកាសនោះសម្ដេចនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ការដាក់ឱ្យដំណើការ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានលំដាប់4F បង្ហាញពីមហិច្ចតារបស់កម្ពុជា ក្នុងការប្រែក្លាយជាមជ្ឈមណ្ឌលឈានមុខ ក្នុងពិភពលោក សម្រាប់វិស័យLogistics និងទេសចរណ៍។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដោយនវានុវត្តន៍ក្នុងស្រុក បង្ហាញពីភាពជាម្ចាស់ និងការពឹងផ្អែកដោយខ្លួនឯង ព្រមទាំងទស្សនវិស័យជាយុទ្ធសាស្ត្ររបស់កម្ពុជាផងដែរ៕

