ប្រមុខការទូតកម្ពុជា បកអាក្រាតសកម្មភាពឈ្លានពានរបស់«យោធាថៃ»បន្តកាន់កាប់ទឹកដីកម្ពុជាខុសច្បាប់ ក្នុងវេទិកាក្រុមប្រឹក្សាសិទ្ធិមនុស្ស UN

ហ្សឺណែវ,ស្វីស៖ ថ្លែងចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២៤ ខែកុម្ភៈ ដែលមានថ្នាក់ដឹកនាំ និងគណៈប្រតិភូពីប្រទេសនានាជុំវិញពិភពលោកចូលរួម ប្រមុខការទូតកម្ពុជាបានប្រើភាសាបារាំងក្នុងការថ្លៃងសុន្ទរកថា ហើយត្រូវបានគេបកប្រែផ្ទាល់មាត់មកជាភាសាអង់គ្លេស ដោយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបកអាក្រាតសកម្មភាពឈ្លានពានរបស់យោធាថៃ ដែលបន្តកាន់កាប់ទឹកដីកម្ពុជាខុសច្បាប់ និងរារាំងពលរដ្ឋមិនឲ្យវិលទៅលំនៅដ្ឋានវិញ ដែលបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា។
ឯកឧត្ដម ប្រាក់ សុខុន លើកឡើងថា តាំងពីពាក់កណ្តាលឆ្នាំ២០២៥មក ថៃបានចាប់ផ្តើមប្រើកម្លាំងយោធាមកលើកម្ពុជា ដោយបន្សល់ទុកផលវិបាកជាច្រើនដល់កម្ពុជា។
ឯកឧត្ដមបន្តថា ទោះជាមានបទឈប់បាញ់ជាមួយគ្នានៅចុងឆ្នាំ២០២៥ ហើយកំពុងដំណើរការក្តី តែបទឈប់បាញ់ នេះ នៅមានលក្ខណៈផុយស្រួយនៅឡើយ។ បន្ទាប់ពីបង្ហាញការផ្តើមសង្គ្រាមឈ្លានពានរបស់យោថៃ ប្រមុខការទូតកម្ពុជា ក៏អធិប្បាយអំពីការបន្តរំលោភបំពានរបស់យោធាថៃ ទាំងដែលភាគីទាំងពីរផ្អាកសង្គ្រាមទៅហើយ។ ប្រមុខការទូតកម្ពុជារូបនេះ រៀបរាប់ថា យោធាថៃកំពុងបង្កើតទីតាំងឈរជើងហួសពីបន្ទាត់ព្រំដែនខ្លួន ចូលមកខាងក្នុងដែនដីកម្ពុជា។
ឯកឧត្ដម ប្រាក់ សុខុន ប្រាប់អង្គប្រជុំទៀតថា យោធាថៃបានដណ្តើមកាន់កាប់តំបន់ (ឬភូមិ) មួយចំនួនរបស់ប្រជាជនកម្ពុជា ដែលធ្វើពួកគាត់ត្រូវរត់ចោលផ្ទះសម្បែង ហើយយោធាថៃ ក៏ថែមទាំងបានបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់ផងដែរ។ ឯកឧត្ដមបន្ថែមថា បច្ចុប្បន្នយោធាថៃ បានដាក់បន្លាលួស និងទូកុងតឺន័រ រារាំងមិនឱ្យប្រជាជនកម្ពុជាជាម្ចាស់ផ្ទះម្ចាស់ដីធ្លី ចូលទៅបានឡើយ។
ឯកឧត្ដមប្រកាសថា សកម្មភាពទាំងនេះរបស់យោធាថៃ គឺបង្កផលប៉ះពាល់ដល់ប្រជាជនកម្ពុជា ហើយបង្កើតជាក្តីព្រួយបារម្ភធ្ងន់ធ្ងរចំពោះការបំពានច្បាប់ និងសិទ្ធិមនុស្សអន្តរជាតិ ដូចជា សិទ្ធិរស់រានមានជីវិត សិទ្ធិសន្តិសុខបុគ្គល និងសេរីភាពនៃការធ្វើដំណើរ ។ល។ ទោះជាយ៉ាងនេះក្តី ឯកឧត្ដម បានប្រាប់សហគមន៍អន្តរជាតិថា កម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកាន់ភ្ជាប់បទឈប់បាញ់ និងកិច្ចសន្ទនា ដើម្បីទាញស្ថានការណ៍កម្ពុជា-ថៃឱ្យវិលមករកប្រក្រតីភាពឡើងវិញ។
ជាមួយគ្នាឯកឧត្ដម ក៏បានដាក់សំណើទៅកាន់ភាគីថៃដែរ។ «ក្នុងស្មារតីនេះ កម្ពុជា ទាមទារ[ថៃ] គោរពឱ្យបានពេញលេញ និងដោយស្មោះត្រង់ចំពោះកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ហើយត្រូវដកកងកម្លាំងចេញពីដែនដីកម្ពុជា»។ ឯកឧត្ដមថែមទាំងទាមទារឱ្យថៃចូលរួមដោះស្រាយបញ្ហាជាមួយកម្ពុជាតាមសន្តិវិធី ផ្អែកលើគោលការណ៍មិនប្រើកម្លាំងដែលមានចែងក្នុងច្បាប់អន្តរជាតិ៕

