អភិបាលខេត្តរតនគិរី ណែនាំឱ្យអភិបាលស្រុកតាវែងថ្មី យកចិត្តទុកដាក់ក្នុងការងារ ហើយត្រូវគិតពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ

រតនគិរី៖ ឯកឧត្តម ញ៉ែម សំអឿន គណ:អភិបាលខេត្តរតនគិរី នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលមុខតំណែង អភិបាល នៃគណៈអភិបាលស្រុកតាវែង។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ២រូប នៅខេត្តរតនគិរី ដូចមានរាយនាមខាងក្រោម៖
១- លោក ហេង សាវឿនឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ពីអភិបាល នៃគណៈអភិបាលស្រុកវើនសៃ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកតាវែង។
២- លោក សូ វណ្ណធិនឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលស្រុកតាវែង ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកវើនសៃ។
មានប្រសាសន៍ផ្ញាំផ្ញើដល់ លោកអភិបាលស្រុកថ្មី ដែលទើបតែចូលកាន់តំណែងនាឱកាសនេះ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ការតែងតាំង ត្រូវបានអនុវត្តន៍ទៅតាមគោលការណ៍ច្បាប់ដែលបានកំណត់សម្រាប់អាណត្តិរបស់គណៈអភិបាលក្រុង ស្រុក។
ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំឱ្យអភិបាលស្រុកថ្មី យកចិត្តទុកដាក់ក្នុងការងារ ហើយត្រូវគិតពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ ទន្ទឹមនឹងនោះត្រូវពង្រឹងកិច្ចសហការ និងទំនាក់ទំនងជាមួយស្ថាប័ន អង្គភាពនានាឲ្យបានល្អប្រសើរ ពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ទាន់ពេលវេលា ប្រកបដោយតម្លាភាព ហើយក្នុងនាមអ្នកផ្តល់សេវា គណៈអភិបាលស្រុក ត្រូវចុះជួបជាមួយប្រជាពលរដ្ឋឱ្យបានញឹកញ៉ាប់ ដើម្បីស្វែងយល់អំពីសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ៕

