រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ ការធ្វើអាជីវកម្មធនធានខ្សាច់ដែលគ្មាននិរន្តរភាព អាចបណ្តាលឱ្យមានការរិចរិលបរិស្ថានយ៉ាងធ្ងន់ធ្ងរ រួមទាំងការហូរច្រោះដីល្បាប់ និងការបំផ្លិចបំផ្លាញទីជម្រកមនុស្ស សត្វ រុក្ខជាតិ និងប្រព័ន្ធអេកូឡូស៊ី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និង ឧតុនិយម និង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ ២០២៥ និង ទិសដៅ អនុវត្តឆមាសទី១ ឆ្នាំ ២០២៦ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ នៅសាលប្រជុំរំដួល នៃទីស្ដីការក្រសួងធនធានទឹក និង ឧតុនិយម។
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹង ថា ខ្សាច់ គឺជាធនធានធម្មជាតិដ៏មានតម្លៃដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មសំណង់ និងវិស័យផ្សេងៗ និង បាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយចូលរួមថែរក្សាសុខភាព និងមុខងាររបស់ស្ទឹង ទន្លេ និងសមុទ្រ ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការគ្រប់គ្រងធនធានខ្សាច់ គឺ ជាការចាំបាច់ ដើម្បីធានាបាននូវការធ្វើអាជីវកម្មធនធានខ្សាច់ពាក់ព័ន្ធនឹងធនធានទឹកប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ជាពិសេស ការការពារសុខភាពស្ទឹង ទន្លេ និងប្រព័ន្ធអេកូឡូស៊ី។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការធ្វើអាជីវកម្មធនធានខ្សាច់ដែលគ្មាននិរន្តរភាព អាចបណ្តាលឱ្យមានការរិចរិលបរិស្ថានយ៉ាងធ្ងន់ធ្ងរ រួមទាំងការហូរច្រោះដីល្បាប់ និងការបំផ្លិចបំផ្លាញទីជម្រកមនុស្ស សត្វ រុក្ខជាតិ និងប្រព័ន្ធអេកូឡូស៊ី។
ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា កិច្ចប្រជុំអន្តរក្រសួងនាពេល នេះ នឹងទទួលបាន អនុសាសន៍ល្អៗ ជាបច្ច័យដ៏សំខាន់ដល់កិច្ចដំណើរការរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ និងការពង្រឹងកិច្ចសហការ អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាយន្តការដ៏សំខាន់និង រឹងមាំ ក្នុងការធានាការប្រើប្រាស់ធនធានខ្សាច់នៅកម្ពុជាប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និង និរន្តរភាព។
សូមបញ្ជាក់ថា គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានបង្កើតតាមអនុក្រឹត្យលេខ២០៣អនក្រ.បក ចុះថ្ងៃទី២៩ ខែ សីហា ឆ្នាំ ២០២៤។ គណៈកម្មាធិការនេះ ជាយន្តការអន្តរក្រសួងសំខាន់មួយ ដែលមានភារកិច្ច ត្រួតពិនិត្យ និង តាមដាន ការធ្វើអាជីវកម្មខ្សាច់ ពាក់ព័ន្ធនឹងធនធានទឹកឱ្យស្របតាមបទដ្ឋានគតិយុត្ត និង បទដ្ឋាន បច្ចេកទេសជលវិទ្យា-ជលគតិ ដើម្បីធានាបាននូវប្រសិទ្ធភាព និរន្តរភាព និង ការពារបរិស្ថាន៕

