**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

ឯកឧត្តម សួស ប្រាថ្នា ធ្វើបទអន្តរាគមន៍ផ្ដោតលើមាតិកាសំខាន់ៗចំនួន៤ នៅក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ


ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានធ្វើបទអន្តរាគមន៍ផ្ដោតលើមាតិកាសំខាន់ៗចំនួន៤ នៅក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ។

បទអន្តរាគមន៍សំខាន់ៗចំនួន៤ រួមមាន៖ (១.) សាវតារ នៃការបង្កើតនិងការដាក់ឱ្យដំណើរការនូវអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត (២.) វឌ្ឍនភាពការងារសំខាន់ៗរបស់អង្គភាពច្រកចេញចូលតែមួយដែលសម្រេចបានក្នុងឆ្នាំ២០២៥ និងការធ្វើទំនើបកម្មប្រព័ន្ធផ្ដល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ (៣.)បញ្ហាប្រឈម ជា សារវន្តក្នុងការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ និង(៤.)ទិសដៅការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងបន្តអនុវត្ត ដើម្បីពង្រឹងនិងលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ ដូចខាងក្រោម៖

ទីមួយ៖ សាវតារនៃការបង្កើតនិងការដាក់ឱ្យដំណើរការនូវអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត
យន្តការច្រកចេញចូលតែមួយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាកំណែទម្រង់អភិបាលកិច្ចដ៏មានសារៈសំខាន់ ដើម្បីបង្ខិតសេវា សាធារណៈទៅឱ្យកៀកនឹងប្រជាពលរដ្ឋ ធានា ឱ្យបាននូវ ការផ្ដល់សេវា ប្រកបដោយ ភាពងាយស្រួល សាមញ្ញ និងមានគុណភាព ឆ្លើយតបទៅនឹងតម្រូវការ របស់អ្នកស្នើសុំសេវា តាមគោលការណ៍កំណត់ មានតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាព ។ លើមូលដ្ឋាននេះ នៅពីឆ្នាំ២០០៥រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរៀបចំបង្កើតនិងដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ នៅស្រុកគោលដៅចំនួនពីរ គឺ៖ ស្រុកបាត់ដំបង នៃខេត្តបាត់ដំបង និងស្រុកសៀមរាប នៃខេត្តសៀមរាប ក្រោមការគាំទ្រថវិកា និងបច្ចេកទេសពីសហភាពអឺរ៉ុប។

ផ្អែកតាមលទ្ធផលនៃការវាយតម្លៃផ្ទៃក្នុង និងការវាយតម្លៃពីស្ថាប័នខាងក្រៅ លើការអនុវត្តសាកល្បងនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅស្រុកគោលដៅទាំងពីរខាងលើបានបង្ហាញអំពីការពេញចិត្តរបស់ប្រជាពលរដ្ឋចំពោះដំណើរការផ្តល់សេវា ដែលមានភាពសាមញ្ញ ងាយស្រួល ឆាប់រហ័ស តម្លាភាព និងមានលក្ខណៈប្រមូលផ្តុំនៅទីតាំងតែមួយ ព្រមទាំងបានបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធក្នុងការផ្ដល់សេវារដ្ឋបាល តាមរយៈការិយាល័យច្រកចេញចូលតែមួយ។ផ្អែកលើមូលដ្ឋាននៃការវាយតម្លៃនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងនិងពង្រីកវិសាលភាពនៃការផ្ដល់សេវារដ្ឋបាលនៅគ្រប់ថ្នាក់រដ្ឋបាល ក្នុងគោលបំណងប្រមូលផ្តុំសេវារដ្ឋបាល គ្រប់ប្រភេទដែលស្ថិតនៅ ក្រោមសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមកស្ថិតនៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការស្នើសុំសេវារដ្ឋបាល ដែលក្នុងនោះ អង្គភាពច្រកចេញចូលតែមួយនៅថ្នាក់រាជធានី ខេត្តក៏ត្រូវបានបង្កើតឡើង ផងដែរ។ ទន្ទឹមនេះ ក្រសួងមហាផ្ទៃក៏បានរៀបចំលិខិតបទដ្ឋានគតិយុត្តមួយចំនួនដើម្បីគាំទ្រនិងពង្រឹងការអនុវត្តស្មារតីអនុក្រឹត្យលេខ១៨ ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបានសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១២ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលជូនថ្នាក់ដឹកនាំ និងបុគ្គលិកពាក់ព័ន្ធរបស់រដ្ឋបាលរាជធានី ខេត្ត អំពី បែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលផ្ទាល់របស់អង្គភាពច្រកចេញចូលតែមួយ និងសេវារដ្ឋបាលតាមវិស័យជំនាញនីមួយៗ ដែលបានធ្វើប្រតិភូកម្មមុខងារជូន រដ្ឋបាលរាជធានី ខេត្ត។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃក៏បានរៀបចំពិធីសម្ពោធ និងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវការផ្ដល់សេវារដ្ឋបាលតាមអង្គភាពច្រក ចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
បច្ចុប្បន្ននេះ ផ្អែកតាមតារាងឧបសម្ព័ន្ធទី១ នៃអនុក្រឹត្យលេខ១៨ អង្គភាពច្រកចេញ ចូលតែមួយ បាននិងកំពុងផ្តល់សេវារដ្ឋបាលជាង៨០០ប្រភេទ ក្នុងវិស័យជំនាញចំនួន១៤រួមមាន៖ សេវាផ្ទាល់របស់រដ្ឋបាលរាជធានី ខេត្តចំនួន២ប្រភេទ និងសេវាប្រតិភូកម្មពីក្រសួងជំនាញចំនួន១២(ដូចមានក្នុងបទបង្ហាញ) គឺការងារនីត្យានុកូលកម្ម និងការងាររដ្ឋបាល(ការចុះបញ្ជីគម្រោងវិនិយោគមានទុនសមមូល៥លានដុល្លារចុះ, ការស្នើសុំធ្វើអាជីវកម្មផ្សេងៗ ព្រមទាំងប្រភេទសេវាដែលទទួលបានការធ្វើប្រតិភូកម្មពីវិស័យជំនាញចំនួន១២ ដូចជា៖ ១.វិស័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២.វិស័យរ៉ែ និងថាមពល ៣. វិស័យសាធារណការ និងដឹកជញ្ជូន ៤.វិស័យសុខាភិបាល ៥.វិស័យព័ត៌មាន ៦.វិស័យពាណិជ្ជកម្ម ៧.វិស័យទេសចរណ៍ ៨.វិស័យវប្បធម៌ និងវិចិត្រសិល្បៈ៩.វិស័យ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ១០.វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ១១.វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង១២.វិស័យបរិស្ថាន។

ទីពីរ៖ វឌ្ឍនភាពការងារ និងការធ្វើទំនើបកម្មប្រព័ន្ធផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ
➢ អំពីលទ្ធផលនៃការផ្ដល់សេវាក្នុងឆ្នាំ២០២៥
នៅក្នុងឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន៧៨៨.១១៧ (ប្រាំពីររយប៉ែតសិបប្រាំបីពាន់ មួយរយដប់ប្រាំពីរ) សេវា មានការថយចុះ៤% បើប្រៀបធៀបនឹងឆ្នាំ២០២៤ដែលមាន សរុបចំនួន ៨១៩.៣០៦ សេវា។ ការថយចុះនេះ គឺដោយសារតែការបិទព្រំដែនជាឯកតោភាគីរបស់អាជ្ញាធរថៃ និងសង្រ្គាមឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដែលជាហេតុនាំ ឱ្យរដ្ឋ បាល ខេត្តជាប់ព្រំដែនប្រទេសថៃមិនអាចផ្ដល់សេវារដ្ឋបាលមួយចំនួនជូនប្រជាពលរដ្ឋបានក្នុង អំឡុងពេល សង្គ្រាមឈ្លានពានរបស់ថៃ។

បើទោះបីជា ចំនួនការផ្តល់សេវាមានការថយចុះក៏ពិតមែនតែបើពិនិត្យអំពីប្រាក់ចំណូលសរុបដែល ទទួលបានតាមអង្គភាពច្រកចេញចូលតែមួយ សម្រាប់ឆ្នាំ២០២៥ មាន ចំនួន ១៤៦.២៤៤.៣៥០.០៦១រៀល(មួយរយសែសិបប្រាំមួយប៊ីលាន ពីររយសែសិបបួនលាន បីរយហាសិបពាន់ ហុកសិបមួយរៀល)សមមូលនឹងប្រាក់ដុល្លារចំនួន ៣៦.៥៦១.០៨៧ ដុល្លារសហរដ្ឋអាម៉េរិក(សាមសិបប្រាំមួយលាន ប្រាំរយហុកសិបមួយពាន់ ប៉ែតសិបប្រាំពីរដុល្លារសហរដ្ឋ អាម៉េរិក) គឺមានការកើនឡើង២៤% បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានចំណូលសរុបចំនួន ១១៧.៣០៧.១០៣.០៧៦ រៀល(មួយរយដប់ប្រាំពីរប៊ីលាន បីរយប្រាំពីរលាន មួយរយបីពាន់ ចិតសិបប្រាំមួយរៀល) សមមូលនឹងប្រាក់ដុល្លារ២៩.៣២៦.៧៧៥ ដុល្លារសហរដ្ឋអាម៉េរិក(ម្ភៃប្រាំបួនលាន បីរយម្ភៃប្រាំមួយពាន់ ប្រាំពីររយចិតសិបប្រាំដុល្លារសហរដ្ឋអាម៉េរិក)។ តួលេខនេះ អាចឆ្លុះបញ្ចាំងឱ្យឃើញថា សកម្មភាពសេដ្ឋកិច្ច-សង្គម និងការប្រកបរបរអាជីវកម្មផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើងនៅតែមានដំណើរការល្អជាប្រក្រតី បើទោះបីជា ប្រទេសកម្ពុជាជាតិយើងបានទទួលរងនូវសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃនៅតាមបណ្ដាខេត្តជាប់ព្រំដែនមួយចំនួនក៏ដោយ។
ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៥ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានជួបប្រជុំពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យមើលឡើងវិញ និងកែសម្រួលលើសេវារដ្ឋបាលដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិរួចហើយ ឱ្យស្របទៅនឹងការវិវត្តរីកចម្រើនសេដ្ឋកិច្ច-សង្គម និងតម្រូវការជាក់ស្ដែងនៅមូលដ្ឋាន ព្រមទាំងដាក់នូវចេញប្រកាសអន្តរក្រសួងចំនួន៤ ពាក់ព័ន្ធនឹងប្រភេទ សេវាដែលត្រូវអនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្នុងនោះរួមមាន៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងទេសចរណ៍, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, និងក្រសួងរ៉ែ និងថាមពល។ ទន្ទឹមនេះ អគ្គនាយកដ្ឋានរដ្ឋបាល បាននិងកំពុង សហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរៀបចំកែសម្រួលប្រកាសអន្តរក្រសួងមួយចំនួនឡើងវិញលើកម្រងសេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងបីថ្នាក់រួមមាន៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម។
ចំពោះលទ្ធផលនៃការអនុវត្តប្រព័ន្ធទូទាត់វិក្កយបត្រ ដែលក្រសួងមហាផ្ទៃបានសហការអភិវឌ្ឍជាមួយក្រុមហ៊ុន KESS Innovation PLC បានដាក់ឱ្យ អនុវត្តជាផ្លូវការនៅគ្រប់រដ្ឋបាលរាជធានី ខេត្ត នៅក្នុងឆ្នាំ ២០២៥ មានប្រជាពលរដ្ឋបានបង់កម្រៃសេវារដ្ឋបាលតាមរយៈម៉ាស៊ីនទូទាត់ស្វ័យប្រវត្តិ ចំនួន ២១២ .២៥៣ (ពីររយដប់ពីរពាន់ ពីររយហាសិបបី) ប្រតិបត្តិការស្មើនឹង២៦% នៃចំនួនសេវាសរុបរបស់អង្គភាពច្រកចេញចូលតែមួយ ដោយទទួលបានទឹកប្រាក់សរុបចំនួន៦៥.០០៧.៩១៤.៦៧៦ រៀល (ហុក សិបប្រាំប៊ីលាន ប្រាំពីរលាន ប្រាំបួនរយដប់បួនពាន់ ប្រាំមួយរយចិតសិបប្រាំមួយរៀល) សមមូលនឹងប្រាក់ដុល្លារចំនួន ១៦.២៥១.៩៧៨ដុល្លារសហរដ្ឋអាម៉េរិក(ដប់ប្រាំមួយលាន ពីររយហាសិបមួយពាន់ ប្រាំបួនរយចិតសិបប្រាំបី ដុល្លារសហរដ្ឋអាម៉េរិក)ស្មើនឹង៤៤%នៃ ចំណូល សរុបរបស់អង្គភាពច្រកចេញចូលតែមួយ។ម៉្យាងទៀត ចំពោះការអនុវត្តសាកល្បងនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និ ង ផ្តល់សេវា រដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដែល ក្រសួងមហាផ្ទៃបានដាក់ ឱ្យអនុវត្តសាកល្បងនៅរដ្ឋបាលរាជធានី ខេត្ត ចំនួន១២គោលដៅ លើប្រភេទសេវាចំនួន១១៧ក្នុង វិស័យជំនាញចំនួន៤ (វិស័យឧស្សាហកម្មនិងសិប្បកម្ម,វិស័យ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វិស័យវប្បធម៌និងវិចិត្រសិល្បៈ និងវិស័យ ទេសចរណ៍) ក្នុងឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានទទួលការស្នើសុំសេវាពីប្រជាពលរដ្ឋចំនួន ១.១៨៥ សេវា និងទទួលបានចំណូលសរុបចំនួន ២៥៨.២៨៥.៥០០រៀល (ពីរយហាសិបប្រាំបីលាន ពីររយប៉ែត សិបប្រាំពាន់ ប្រាំរយរៀល)។

➢ អំពីការ ចុះបញ្ជីគម្រោងវិនិយោគឯកជននៅអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្តចាប់តាំងពីច្បាប់ស្ដីពីវិនិយោគថ្មី ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១០២១/០១៤ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ និងលិខិតបទដ្ឋានជាធរមាន រដ្ឋបាលរាជធានី ខេត្តបានខិតខំ ប្រឹងប្រែងក្នុងការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនក្នុង ស្រុកនិងបរទេសឱ្យមកបោះទុនវិនិយោគនៅតាមមូលដ្ឋានរបស់ខ្លួន ស្របតាមស្ថានភាពភូមិសាស្រ្ត ប្រជាសាស្រ្ត និងសក្ដានុពលនៅតាមបណ្ដារាជធានី ខេត្តនីមួយៗ។ ជាលទ្ធផល ក្នុងឆ្នាំ២០២៥ មានរដ្ឋបាលរាជធានី ខេត្តចំនួន១២ បានចុះបញ្ជីគម្រោងវិនិយោគដែលមាន ទុកវិនិយោគសមមូលនឹង៥លានដុល្លារអាម៉េរិកចុះ បានចំនួន ២៩៥គម្រោង មានទុនវិនិយោគសរុបចំនួន ៩៩២.៤៦២.៩៨៨ដុល្លារអាម៉េរិក និងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋសរុបចំនួន ១៤០.៦៧៤កន្លែង ក្នុងនោះ ខេត្តកំពង់ស្ពឺ បានចុះបញ្ជីគម្រោងវិនិយោគច្រើនជាងគេ គឺ ១២៦គម្រោង បន្ទាប់មកខេត្តកណ្ដាល (៥៤គម្រោង) និងខេត្តតាកែវ (៥២គម្រោង)។ ចំណែកឯ រដ្ឋបាលខេត្តចំនួន១៣ផ្សេងទៀតនៅមិនទាន់បានចុះបញ្ជីគម្រោងវិនិយោគដែលមានទុនវិនិយោគសមមូល៥លានដុល្លារចុះណាមួយនៅឡើយ។

➢ អំពីស្ថានភាពនៃការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ
ដូចខ្ញុំបានបង្ហាញមុននេះបន្តិច បច្ចុប្បន្ន មានមុខងារចំនួន១៤វិស័យ/ការងារដែលកំពុងអនុវត្តនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ដែលគិតជាប្រភេទសេវារដ្ឋបាលរាយមានប្រមាណជាង៨០០ប្រភេទ។ ក្នុងចំណោមប្រភេទសេវារដ្ឋបាលទាំងនេះ មានប្រភេទសេវារដ្ឋបាលមួយចំនួនបានដំណើរការល្អដោយមានការស្នើសុំច្រើន និងប្រភេទសេវារដ្ឋបាលមួយចំនួនមិនសូវមានដំណើរការល្អនៅឡើយ ដោយសារកត្តា បែបបទ និងនីតិវិធីស្មុគស្មាញ និងជាប្រភេទសេវារដ្ឋបាលដែលប្រជាពលរដ្ឋនិងធុរជនស្នើសុំតិចតួច។

ឯកឧត្ដម សួស ប្រាថ្នា បានកត់សម្គាល់ឃើញថា សេវារដ្ឋបាលដែលដំណើរការបានល្អ៖ គឺជាប្រភេទសេវារដ្ឋបាលដែលមានអ្នកស្នើសុំច្រើន មូលហេតុដោយសារ៖

១. ជាប្រភេទសេវារដ្ឋបាល ដែលមានលក្ខណៈសមស្រប និងជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងធុរជន និងជាប្រភេទសេវាដែលមានសក្ដានុពលសេដ្ឋកិច្ចនៅតាមមូលដ្ឋាននីមួយៗ ដូចជាការចុះបញ្ជីយានយន្ត, បណ្ណបើកបរ, ការផ្ទេរកម្មសិទ្ធិ, ការចុះបញ្ជីដីធ្លី, ការងារសំណង់, និងការស្នើសុំធ្វើអាជីវកម្ម និងការងារនីត្យានុកូលកម្មជាដើម។

២. ជាប្រភេទសេវារដ្ឋបាលដែលក្រសួង ស្ថាប័នបានរៀបចំកែសម្រួល និងដាក់ចេញសេចក្ដីណែនាំផ្នែកបច្ចេកទេសបានច្បាស់លាស់សម្រាប់ការអនុវត្តដូចៗគ្នានៅគ្រប់រាជធានី ខេត្ត និងមានការកែសម្រួលតម្រូវការឯកសារភ្ជាប់ និងនីតិវិធីនៃការផ្ដល់សេវាទាំងនោះកាន់ តែខ្លី សាមញ្ញ និងងាយស្រួល។ ជាមួយគ្នានេះ ក្រសួង ស្ថាប័នដែលជាម្ចាស់មុខងារ ក៏បានរៀបចំ ផែនការជាក់លាក់ និងមានកិច្ចសហការល្អជាមួយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងការរៀបចំវគ្គបណ្ដុះ បណ្ដាលកសាងសមត្ថភាពមន្ត្រីផ្ដល់សេវា ផ្ដល់ការគាំទ្រ និង តាមដាន ត្រួតពិនិត្យជាប់ជាប្រចាំលើការងារផ្ដល់សេវារដ្ឋបាលទាំងនោះនៅអង្គភាពច្រកចេញចូលតែមួយ។

៣. រដ្ឋបាលរាជធានី ខេត្តមានផែនការច្បាស់លាស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ជូនដំណឹង និងចុះជំរុញជាប្រចាំដល់ម្ចាស់ទីតាំងអាជីវកម្ម និងសេវាកម្មឱ្យមកស្នើសុំសេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ ព្រមទាំងបានចាត់វិធានការរដ្ឋបាលផ្សេងៗចំពោះទីតាំង អាជីវកម្មដែលមិនមានលិខិតអនុញ្ញាតប្រកបអាជីវកម្ម ឬមានលិខិតអនុញ្ញាតដែលហួសសុពលភាព។

៤. មានការគាំទ្រ និងកិច្ចសហការល្អជាមួយមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរ មូលដ្ឋាននៅគ្រប់លំដាប់ថ្នាក់ក្នុងការជំរុញការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាកំណត់។ ជាមួយគ្នានេះ ប្រជាពលរដ្ឋនិងធុរជនក៏មានការយល់ដឹងកាន់តែច្បាស់លាស់ពីទិដ្ឋភាពច្បាប់ និងមានភាពជឿជាក់មកលើអាជ្ញាធរមូលដ្ឋាន និងចូលរួមស្នើសុំលិខិតអនុញ្ញាតនានាតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់។

ចំពោះ សេវារដ្ឋបាលដែលមិនសូវដំណើរការបានល្អ៖ គឺជាប្រភេទ សេវាដែលមានអ្នកស្នើសុំតិច មូលហេតុដោយសារ៖

១. ជាប្រភេទសេវារដ្ឋបាល មិនសូវមានតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងធុរជន និងជាប្រភេទសេវាដែលមិនសូវមានសក្ដានុពលសេដ្ឋកិច្ចនៅតាមមូលដ្ឋាននីមួយៗ ដូចជាសេវាតូបលក់សៀវភៅ កាសែត និងការបោះពុម្ភដោយដៃ ជាដើម។

២. ក្រសួង ស្ថាប័នមួយចំនួននៅមិនទាន់បានរៀបចំកែសម្រួល និងដាក់ចេញនូវសេចក្ដីណែនាំផ្នែកបច្ចេកទេសច្បាស់លាស់សម្រាប់ការអនុវត្តដូចៗគ្នានៅគ្រប់រាជធានី ខេត្ត ដែលជាហេតុនាំឱ្យតម្រូវការឯកសារភ្ជាប់ច្រើន ព្រមទាំងបែបបទ និងនីតិវិធីមានភាពស្មុគស្មាញ និងចំណាយពេលវេលាយូរ។ ទន្ទឹមនេះ ចំពោះសេវារដ្ឋបាល មួយចំនួន ក្រសួង ស្ថាប័នមិនបានកំណត់អំពីវិធានការរដ្ឋបាល ឬវិធានការពិន័យសម្រាប់ ទីតាំងអាជីវកម្មដែលមិនមានលិខិតអនុញ្ញាត ឬមិនមកស្នើសុំបន្ដសុពលភាពលិខិតអនុញ្ញាត ដែលជាហេតុនាំឱ្យរដ្ឋបាលរាជធានី ខេត្តមានការលំបាកក្នុងការជំរុញម្ចាស់ទីតាំងអាជីវកម្មនិងសេវាកម្ម ឱ្យមកស្នើសុំបន្តលិខិតអនុញ្ញាត។

៣.ប្រភេទសេវារដ្ឋបាលមួយចំនួនមិនអាចអនុវត្តជាទូទៅនៅគ្រប់រដ្ឋបាលរាជធានី ខេត្តបាន ដូចជាប្រភេទសេវារដ្ឋបាលពាក់ព័ន្ធនឹងផ្នែកដឹកជញ្ជូនផ្លូវទឹក ឬសមុទ្រ សេវារដ្ឋបាល មួយចំនួនអាចអនុវត្តបានតែចំពោះខេត្តនៅតំបន់ជាប់ព្រំដែន(ប័ណ្ណព្រំដែន) ឬ អាចអនុវត្តបានតែក្នុងតំបន់ ឬផ្សារលក់ទំនិញរួចពន្ធ-Duty Free (ការបិទស្លាកថ្លៃជារូបិយវត្ថុបរទេស) ដែលជាហេតុធ្វើឱ្យរាជធានី ខេត្តផ្សេងៗមិនអាចផ្ដល់សេវាទាំងនោះបាន។
➢ អំពីការធ្វើទំនើបកម្មប្រព័ន្ធផ្ដល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ
ការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលនៅថ្នាក់ក្រោមជាតិ ត្រូវបានទទួលស្គាល់ថា ជាយន្តការដ៏មានប្រសិទ្ធភាពមួយ ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាបន្តបន្ទាប់យន្តការនេះត្រូវបានពិនិត្យ វាយតម្លៃ និងកែលម្អឱ្យកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់ ដើម្បីបន្តធានាប្រសិទ្ធភាព និងគុណភាពនៃការផ្ដល់សេវា ព្រមទាំងរក្សាបាននូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធរមូលដ្ឋានក្នុងនាមជាអ្នកផ្តល់សេវា។ ឈរលើស្មារតីនេះ ដើម្បីបន្តធ្វើទំនើបកម្មប្រព័ន្ធផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយឱ្យកាន់តែល្អប្រសើរឡើង ស្របតាមបរិបទនៃការរីកចម្រើនរបស់សង្គមជាតិ និងឌីជីថលូបនីយកម្ម ជាពិសេសអនុវត្តស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃនិងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំចង្អុលបង្ហាញជាប់ជាប្រចាំប្រកបដោយចក្ខុវិស័យច្បា ស់លាស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាឌីជីថលក្នុងប្រព័ន្ធអភិបាលកិច្ចអគ្គនាយកដ្ឋានរដ្ឋបាលបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជន ដើម្បីធ្វើទំនើបកម្មប្រព័ន្ធផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានអនុវត្តកិច្ចការសំខាន់ៗ រួមមាន៖

១. បានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវារដ្ឋបាលនៅគ្រប់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត៖ តាមរយៈកម្មវិធីនេះ បានផ្ដល់អត្ថប្រយោជន៍មួយចំនួន ដូចជា៖ ១).ជាកម្មវិធីសម្រាប់កត់តា្រទិន្នន័យផ្ដល់សេវាតាមប្រព័ន្ធឌីជីថល និងអាចពិនិត្យមើលលទ្ធផលបានភ្លាមៗ ២).ភាពងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យ ស្ថានភាពនៃការផ្ដល់សេវា និងការទាញយករបាយការណ៍បាន គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ៣).ភាពងាយស្រួលក្នុងការធ្វើទំនើបកម្ម និងរៀបចំឱ្យមានការស្នើសុំសេវាតាមប្រព័ន្ធអនឡាញ ៤).អាចផ្លាស់ប្ដូរទិន្នន័យជាមួយកម្មវិធីព័ត៌មានវិទ្យារបស់ក្រសួង ស្ថាប័ន ផ្សេងៗនិង៥).អាចផ្ដល់ព័ត៌មានបានជាក់លាក់ជូនប្រជាពលរដ្ឋ អំពីចំណាត់ការរបស់រដ្ឋបាលរាជធានី ខេត្ត លើការស្នើសុំសេវានីមួយៗរបស់ប្រជាពលរដ្ឋ។

២. បានដាក់ឱ្យ អនុវត្តជាផ្លូវការនូវប្រព័ន្ធទូទាត់វិក្កយបត្រនៅគ្រប់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត៖ ប្រព័ន្ធនេះបានផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការបង់កម្រៃសេវានៅអង្គភាពច្រកចេញចូលតែមួយ ដោយប្រជាពលរដ្ឋ អាចមានជម្រើសច្រើនក្នុងការបង់កម្រៃសេវាតាមរយៈធនាគារដៃគូ ដែលមាននៅលើម៉ាស៊ីនទូទាត់ស្វ័យប្រវត្តិដែលបានដាក់ឱ្យប្រើប្រាស់ក្នុងបរិវេណអង្គភាពច្រកចេញចូលតែមួយនៅគ្រប់រដ្ឋបាល រាជធានី ខេត្ត។ ជាមួយគ្នានេះ ប្រព័ន្ធទូទាត់វិក្កយបត្រនេះនឹងចូលរួមកាត់បន្ថយបន្ទុកការងាររបស់មន្រី្ដ បេឡា ព្រមទាំងទប់ស្កាត់ការទាមទារកម្រៃសេវាលើសការកំណត់ លុបបំបាត់អំពើពុករលួយ និងធានា បាននូវសុវត្ថិភាពសាច់ប្រាក់ជូនរដ្ឋបាលរាជធានី ខេត្ត។

៣. ការអនុវត្តសាកល្បងនូវការស្នើសុំ និងការទទួលសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ៖ ក្រសួងមហាផ្ទៃបាននិងកំពុងអនុវត្តសាកល្បងការស្នើសុំសេវារដ្ឋបាលពីប្រជាពលរដ្ឋតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ចំនួន១២គោលដៅ លើវិស័យជំនាញចំនួន៤ រួមមាន៖ វិស័យឧស្សាហកម្មនិងសិប្បកម្ម, វិស័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, វិស័យ ទេសចរណ៍ និងវិស័យវប្បធម៌និងវិចិត្រសិល្បៈ ដែលមានប្រភេទសេវាសរុបចំនួន១១៧សេវា។ ផ្អែកតាមផែនការដែលបានគ្រោងទុក អគ្គនាយកដ្ឋានរដ្ឋបាលនឹងគោរពស្នើសុំគោលការណ៍ពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមអភិសន្តិបណ្ឌិត ដើម្បីដាក់ឱ្យអនុវត្តជាផ្លូវការនូវការស្នើសុំ និងទទួល សេវារដ្ឋបាលតាម ប្រព័ន្ធ អនឡាញនៅគ្រប់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ក្នុងត្រីមាសទី២ ឆ្នាំ២០២៦ខាងមុខនេះ។ តាមរយៈការស្នើសុំសេវាតាមប្រព័ន្ធអនឡា ញ នេះ ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលក្នុងការស្នើសុំសេវាដោយពួកគាត់អាចដាក់ពាក្យស្នើសុំសេវាបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយ មិនចាំចាច់ធ្វើដំណើរមកស្នើសុំសេវាដោយផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយនោះឡើយ ព្រមទាំងកាត់បន្ថយការចំណាយ ក្នុងការធ្វើដំណើរ និងពេលវេលាផងដែរ។

៤. កម្មវិធីទូរសព្ទដៃ (Mobile App) ដែលមានឈ្មោះថា«យន្តការច្រកចេញចូលតែមួយ-OWSM CAMBODIA»៖បច្ចុប្បន្ន កម្មវិធីទូរសព្ទដៃនេះ មានមុខងារចម្បងចំនួនរពីររួមមាន៖ មុខងារទី១).អនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើការតាមដានចរន្តឯកសារស្នើសុំសេវាដែលខ្លួនបានស្នើសុំ តាមរយៈការស្គែនលើ QR Code ដែលមាននៅលើបង្កាន់ដៃទទួលពាក្យស្នើសុំដោយខ្លួន ឯង ដោយមិនចាំបាច់សាកសួរ ព័ត៌មានពីមន្ត្រីផ្ដល់សេវាដោយផ្ទាល់នោះទេ និងមុខងារទី២) .អាចពិនិត្យមើលព័ត៌មាននានាពាក់ព័ន្ធនឹងសេវារដ្ឋបាលដែលកំពុងអនុវត្តតាមយន្តការ ច្រកចេញចូលតែមួយទាំងបីថ្នាក់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជាប្រភេទសេវា តម្លៃសេវា រយៈពេលនៃការផ្ដល់សេវា និងសុពលភាពនៃលិខិតអនុញ្ញតជាដើម។ តាមផែនការ អគ្គនាយកដ្ឋានរដ្ឋបាល នឹងបន្ថែមមុខងារពីរទៀតនៅក្នុងកម្មវិធីទូរសព្ទដៃនេះ គឺការស្នើសុំសេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ និងការវិភាគវាយតម្លៃដើម្បីវាស់ស្ទង់កម្រិតនៃភាពពេញចិត្តរបស់ប្រជាពលរដ្ឋលើការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយបន្ថែមទៀត។

៥. ការធ្វើសន្ធានកម្មទិន្នន័យ ជាមួយប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការផ្ដល់សេវារបស់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ៖ កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវារដ្ឋបាលនៅគ្រប់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត គឺជាប្រព័ន្ធស្នូល មិនមែនជាប្រព័ន្ធដាច់ដោយឡែកដែលមិនអាចផ្លាស់ប្ដូរទិន្នន័យជាមួយប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួង ស្ថាប័ន ថ្នាក់ជាតិនោះទេ។បច្ចុប្បន្ន កម្មវិធីនេះកំពុងដំណើរការផ្លាស់ប្តូរទិន្នន័យជាមួយប្រព័ន្ធគ្រប់គ្រងការផ្ដល់សេវាប័ណ្ណព្រំដែន និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងចំណូលមិនមែ ន សារពើពន្ធ(NRMIS) របស់ក្រសួងសេដ្ឋកិច្ច និ ង ហិរញ្ញវត្ថុ។ អគ្គនាយកដ្ឋានរដ្ឋបាលបាននិងកំពុងពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន ដើម្បីធ្វើការផ្លាស់ប្ដូរប្រព័ន្ធទិន្នន័យផ្សេងៗ សំដៅធានានូវប្រសិទ្ធភាពនៃការផ្ដល់សេវា កាត់បន្ថយនូវភាពស្មុគស្មាញរបស់មន្ត្រីផ្ដល់សេវាក្នុងការប្រើប្រាស់ប្រព័ ន្ធច្រើនក្នុងពេលតែមួយ និងអាចផ្ដល់សេវាជូនប្រជាពលរដ្ឋបានឆាប់រហ័ស និងទាន់ពេលវេលាកំណត់។

➢ អំពីការប្រឡងប្រណាំងជ្រើសរើសអង្គភាពច្រកចេញចូលតែមួយឆ្នើម
ក្នុងគោលបំណងផ្ដល់ការលើកទឹកចិត្តដល់ការិយាល័យប្រជាពលរដ្ឋ និង អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដែលមានស្នាដៃឆ្នើមក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹង និងការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ជាពិសេសដើម្បីឱ្យរដ្ឋបាលរាជធានី ខេត្ត អាចធ្វើការវាយតម្លៃអំពីស្ថានភាពនៃការអនុវត្តការងារការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយបានត្រឹមត្រូវ ច្បាស់លាស់ និងមានប្រសិទ្ធភាព អគ្គនាយក-ដ្ឋានរដ្ឋបាលបានគោរពស្នើសុំគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ដើម្បីរៀបចំឱ្យមានការប្រឡងប្រណាំងជ្រើសរើសការិយាល័យប្រជាពលរដ្ឋ និង អង្គភាពច្រកចេញ ចូលតែមួយរាជធានី ខេត្ត ឆ្នើមប្រចាំឆ្នាំ២០២៥។ ការប្រឡងប្រណាំងជ្រើសរើសនេះផ្ដោតសំខាន់លើសូចនាករគោលចំនួន៥ ដែលបានកំណត់នៅក្នុងឯកសារណែនាំរបស់រាជរដ្ឋាភិបាលស្ដីពីស្ដង់ដាសេវា សាធារណៈ រួមមាន៖ ១).គុណភាពព័ត៌មាន ២).ភាពងាយស្រួលក្នុងការទទួលយកសេវា ៣).ភាពយកចិត្តទុកដាក់ក្នុងការប្រើប្រាស់សេវា ៤).ការផ្តល់សេវាតាមគោលការណ៍កំណត់ និងអភិបាលកិច្ចល្អ និង៥).យន្តការព័ត៌មានត្រឡប់ និងបណ្តឹងតវ៉ា។

ក្នុងការវាយតម្លៃជ្រើសរើសនេះ អគ្គនាយកដ្ឋានរដ្ឋបាលបានអនុវត្តការងាចំនួន៣ជំហាន រួមមាន៖ ជំហានទី១.ការវាយតម្លៃ និងការដាក់ពិន្ទុដោយរដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗទៅតាមលក្ខណវិនិច្ឆ័យដែលបានកំណត់ក្នុងសូចនាករនីមួយៗ ជំហានទី២.ការផ្ទៀងផ្ទាត់ និងការដាក់ពិន្ទុដោយក្រុមការងារបច្ចេកទេសរបស់អគ្គនាយកដ្ឋានរដ្ឋបាល ដោយផ្អែកលើ ឯកសារអំណះអំណាងដែលរដ្ឋបាលរាជធានី ខេត្តបានរៀបចំ និងជំហានទី៣.ការចុះទៅពិនិត្យផ្ទៀងផ្ទាត់ជាក់ស្ដែងនៅតាមបណ្ដារាជធានី ខេត្តគោលដៅមួយចំនួនដែលមានលំដាប់ពិន្ទុខ្ពស់។

ជាលទ្ធផល ក្នុងឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយដែលមានស្នាដៃឆ្នើម ក្នុងការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ គឺខេត្តកំពង់ចាមទទួលបានចំណាតថ្នាក់លេខ១ រាជធានីភ្នំពេញទទួលបានចំណាត់ថ្នាក់លេខ២ និងខេត្តកណ្ដាលទទួលបានចំណាត់ថ្នាក់លេខ៣។ តាមផែនការដែលបានគ្រោងទុក ក្នុងឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានរដ្ឋបាលនឹងពង្រីកវិសាលភាពនៃការប្រឡងប្រណាំងនេះទៅថ្នាក់ក្រុង ស្រុក ខណ្ឌបន្ថែមទៀត។

ទីបី៖ បញ្ហាប្រឈមជាសារវន្តក្នុងការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ ទន្ទឹមនឹងវឌ្ឍនភាពនិងសមិទ្ធផលសម្រេចបានគួរឱ្យកត់សម្គាល់ដូចខ្ញុំបាទបានគោរពជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត និងអង្គសន្និបាតទាំងមូលខាងលើ ការផ្ដល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូល តែមួយនៃរដ្ឋបាលរាជធានី ខេត្ត ក៏នៅជួបបញ្ហាប្រឈមមួយចំនួនដែលទាមទារឱ្យមានការចូលរួមដោះស្រាយពីក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិនិងអ្នកពាក់ព័ន្ធ នានា ដែលបញ្ហាប្រឈមទាំងនោះ រួមមាន៖

១. ក្រសួង ស្ថាប័នមួយចំនួននៅមានភាពយឺតយ៉ាវក្នុងការរៀបចំកែសម្រួល ឬដាក់ចេញលិខិតបទដ្ឋានសម្រាប់គាំទ្រដល់ការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ។ គិតមកត្រឹមដើមឆ្នាំ២០២៦នេះ មានក្រសួងចំនួន៧ នៅមិនទាន់បានរៀបចំកែសម្រួល ឬដាក់ចេញសេចក្ដីណែនាំផ្នែកបច្ចេកទេសសម្រាប់ការផ្ដល់សេវារដ្ឋបាលតាមវិស័យជំនាញរបស់ខ្លួន ដែលបានធ្វើប្រតិភូកម្មជូនរដ្ឋបាលរាជធានី ខេត្តរួចហើយនៅឡើយរួមមាន៖ ១.ក្រសួងសុខាភិបាល ២.ក្រសួងព័ត៌មាន៣.ក្រសួងបរិស្ថាន ៤.ក្រសួងពាណិជ្ជកម្ម ៥.ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ៦.ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៧.ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ «ចំពោះប្រភេទសេវាមួយចំនួនពាក់ព័ន្ធនឹងការងារផលិតកម្ម និងបសុព្យាបាល»។ បញ្ហានេះនាំឱ្យការផ្ដល់សេវារដ្ឋបាល មួយចំនួននៅមានភាពស្មុគស្មាញ នីតិវិធីសាំញ៉ាំ មានតម្រូវការឯកសារភ្ជាប់ច្រើន និងមានការអនុវត្តដាច់ដោយឡែកពីគ្នានៅតាមបណ្ដារដ្ឋបាលរាជធានី ខេត្តនីមួយៗនៅទូទាំងប្រទេស។

២. ក្រសួង ស្ថាប័នមួយចំនួនបានរៀបចំឱ្យមានការស្នើសុំសេវាតាមប្រព័ន្ធព័ត៌មានវិទ្យា (Online) ប៉ុន្តែបានទាញយកសិទ្ធិក្នុងការពិនិត្យនិងសម្រេច និងចំណូលទាំងនោះមកថ្នាក់ក្រសួង វិញ ឬមិនអនុវត្តទៅតាមបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ បើទោះបីជាមុខងារទាំងនោះត្រូវបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិរួចហើយក៏ដោយ ដែលក្នុងនោះរួមមាន៖
‐ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ មានប្រភេទ សេវាមួយចំនួន បានរៀបចំឱ្យមានការស្នើសុំតាម ប្រព័ន្ធអនឡាញ ដែលរដ្ឋបាលរាជធានី ខេត្តមិនអាចគ្រប់គ្រងលើដំណើរការឯកសារស្នើសុំសេវាទាំងនោះ បាន ដោយសារតែ មន្ទីរជំនាញគឺជាអ្នកទទួលសេវាពីប្រជាពលរដ្ឋ ចាត់ចែងពិនិត្យផ្ដល់យោបល់ បច្ចេកទេស និងផ្ដល់លទ្ធផលសម្រេចជូនប្រជាពលរដ្ឋដោយខ្លួនឯងនៅមន្ទីរតែម្ដង។ជារៀងរាល់ខែ រដ្ឋបាល រាជធានី ខេត្តទទួលបានតែចំណូលដុលពីការផ្ដល់សេវាទាំងនោះ និងរបាយការណ៍ដែលត្រូវ ចូលទៅពិនិត្យ និងទាញយកក្នុងប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

‐ ក្រសួងសាធារណការ និងដឹកជញ្ជូន៖ រដ្ឋបាលថ្នាក់ក្រោមជាតិមានការលំបាកក្នុងការកត់ត្រាចំណូល បែងចែកចំណូល និងអនុវត្តកិច្ចបញ្ជិកាគណនេយ្យលើប្រភេទសេវាមួយចំនួនធំក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយសារតែប្រភេទសេវាទាំងនោះត្រូវអនុវត្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយត្រូវបង់កម្រៃសេវាតាមប្រព័ន្ធធនាគារ ឬភ្នាក់ងារផ្ដល់សេវាផ្ទេរប្រាក់។ បន្ទាប់មក ចំណូលទាំងអស់ត្រូវប្រមូលផ្ដុំនៅគណនីរួមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទើបក្រសួង ធ្វើការបែងចែកចំណូល និងបើកផ្ដល់ចំណែកប្រាក់រង្វាន់ជូនគ្រប់ភាគីពាក់ព័ន្ធវិញ ហើយការបែងចែកនេះក៏បានភាពយឺតយ៉ាវផងដែរ។

‐ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ បានរៀបចំប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ទទួលការស្នើសុំសេវាតាមប្រព័ន្ធអនឡាញនៅក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាំងប្រភេទសេវាដែលពិនិត្យ សម្រេចដោយក្រសួង និងប្រភេទសេវាដែលត្រូវអនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដោយសារតែប្រព័ន្ធ បច្ចេកវិទ្យារបស់ក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងប្រព័ន្ធរបស់ក្រសួងមហាផ្ទៃ នៅ មិនទាន់បានធ្វើសន្ធានកម្មទិន្នន័យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពិនិត្យ សម្រេចលើការស្នើសុំសេវាគ្រប់សមត្ថកិច្ចតែម្ដង បើទោះបីមុខងារនោះបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិរួចហើយក៏ដោយ។ ពាក់ព័ន្ធនឹងករណីនេះ កាលពីចុងឆ្នាំ២០២៥ក្រុមការងារបច្ចេកទេសក្រសួងទាំងពីរបានជួបប្រជុំពិភាក្សាដោះស្រាយ និងឯកភាពគ្នាលើទិដ្ឋភាពបច្ចេកទេសសម្រាប់ការធ្វើសន្ធានកម្មទិន្នន័យ។

៣. ទន្ទឹមនឹងការរៀបចំឱ្យមានប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការផ្ដល់សេវាតាមវិស័យ នីមួយៗរួចហើយក៏ដោយ ក្រសួងស្ថាប័នមួយចំនួន (ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា) នៅមិនទាន់បានធ្វើសន្ធានកម្មទិន្នន័យជាមួយកម្មវិធីព័ត៌មានវិទ្យាដែលក្រសួងមហាផ្ទៃបានរៀបចំសម្រាប់គ្រប់គ្រង និងផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិដោយសារតែមានការបារម្ភថា អាចនឹងបាត់បង់ភាពជាម្ចាស់លើប្រព័ន្ធគ្រប់គ្រងរបស់ខ្លួន ក្រោយការធ្វើសន្ធានកម្មទិន្នន័យ ឬរដ្ឋបាលថ្នាក់ក្រោមជាតិនឹងមិនប្រើប្រព័ន្ធរបស់ខ្លួនក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។ ករណីនេះបានធ្វើឱ្យមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិមានការលំបាក និងភាពស្មុគស្មាញក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដោយសារតែគាត់ត្រូវប្រើប្រាស់ប្រព័ន្ធច្រើនក្នុងពេលតែមួយ។

៤. ការគាំទ្រផ្នែកបច្ចេកទេស និងទំនាក់ទំនងការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធតាមរយៈប្រព័ន្ធតេឡេក្រាម ឬតាមរយៈប្រព័ន្ធទូរសព្ទ នៅមានភាពយឺតយ៉ាវ និងមិនទាន់ពេលវេលា ដែលនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានការលំបាកក្នុងការផ្ដល់ព័ត៌មានជាក់លាក់ជូនប្រជាពលរដ្ឋ ឬផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

៥. បញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការបំពេញការងាររបស់រដ្ឋបាលរាជធានី ខេត្ត ដែលក្នុងនោះរួមមាន៖
‐ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្តមួយចំនួនមិនទាន់យល់ស្វែងយល់ឱ្យបានស៊ីជម្រៅអំពីទស្សនទាន និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ ព្រមទាំងធ្វើទំនើបកម្មដែលក្រសួង ស្ថាប័ន បានរៀបចំ និងដាក់ឱ្យអនុវត្ត ដែលជាហេតុធ្វើប្រសិទ្ធភាពនៃការគ្រប់គ្រង និងចាត់ចែងការងារផ្សេងៗពាក់ព័ន្ធនឹងការផ្ដល់សេវារដ្ឋបាលក្នុងដែនសមត្ថកិច្ចខ្លួននៅមានកម្រិត‐ ថ្នាក់ដឹកនាំរាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនពុំបានចូលរួមប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយឱ្យបានពេញលេញ ដែលជាហេតុធ្វើឱ្យមានការកកស្ទះឯកសារនៅក្នុងកម្មវិធីព័ត៌មានវិទ្យា ហើយប្រជាពលរដ្ឋមិនអាចតាមដានចរន្ដឯកសារដែលខ្លួនបានដាក់ពាក្យស្នើសុំ
‐ ទីតាំងអគារអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តមួយចំនួនស្ថិតនៅទីតាំងមិនសមស្រប តូចចង្អៀតនិងមិនមានការថែទាំឱ្យបានស្អាតបាតឱ្យបានស័ក្តិសមជា កន្លែងទទួលសេវាពីប្រជាពលរដ្ឋ
‐ រដ្ឋបាលរាជធានី ខេត្តមួយចំនួនមិនទាន់បានអនុវត្តកិច្ចបញ្ជិការគណនេយ្យ និងបែងចែកចំណូលដែលទទួលបានពីការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានពេញលេញ និងត្រឹមត្រូវ ស្របតាមការកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្ត ជាធរមាននៅឡើយ
‐ ការធ្វើបដិសណ្ឋារកិច្ចរបស់មន្ត្រីផ្ដល់សេវាមួយចំនួន (ទាំងមន្ត្រីផ្នែកជួរមុខ និង មន្ត្រីផ្នែកជួរក្រោយដែលជាមន្ត្រីជំនាញតាមវិស័យនីមួយៗ) នៅមានកម្រិត និងមិនបានអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈរបស់មន្រ្តីរាជការនាំឱ្យប្រជា ពលរដ្ឋមួយចំនួនមានការថ្នាំងថ្នាក់ និងខឹងសម្បារចំពោះអាកប្បកិរិយា និងឥរិយាបថមន្ត្រីមួយចំនួនតូច ដែលជារូបភាពមិនល្អអាចប៉ះពាល់ដល់ការខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីផ្សេងៗ
‐ ការផ្សព្វផ្សាយព័ត៌មានអំពីការផ្តល់សេវារដ្ឋបាលនៅតាមយន្តការច្រកចេញចូលតែមួយនៅគ្រប់ថ្នាក់រដ្ឋបាល នៅមិនទាន់បានធ្វើឡើងឱ្យបានទូលំទូលាយមិនទាន់ចំក្រុមគោលដៅ និងមិនទាន់មានប្រសិទ្ធភាពខ្ពស់នៅឡើយ។

បញ្ហានេះធ្វើឱ្យប្រជាពលរដ្ឋ និងម្ចាស់ទីតាំងអាជីវកម្មមួយចំនួននៅមិនបានយល់ដឹងអំពីការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ និង មិនបានមកស្នើសុំ ឬមកស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាតឬអាជ្ញាបណ្ណសម្រាប់អាជីវកម្ម សេវាកម្មរបស់ខ្លួន។ ពេលខ្លះ ដោយសារតែការផ្សព្វផ្សាយរបស់យើង នៅមានកម្រិត នាំឱ្យមានការយល់ច្រឡំ ឬការចោទប្រកាន់ខុសពីការពិតមួយចំនួនមកលើរដ្ឋបាលថ្នាក់ក្រោមជាតិ នៅពេលរដ្ឋបាលថ្នាក់ក្រោមជាតិចេញសេចក្ដីណែនាំ ឬជំរុញឱ្យប្រជាពលរដ្ឋឱ្យមកស្នើសុំសេវាផ្សេងៗ។

ទីបួន៖ ទិសដៅបន្ត ដើម្បីដោះស្រាយបញ្ហាប្រឈមដូចបានគូសបញ្ជាក់ជូនខាងលើ ក្នុងគោលបំណងផ្តល់ការគាំទ្រ ពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ ស្របតាមការកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន អគ្គនាយកដ្ឋានរដ្ឋបាលបានកំណត់ទិសដៅការងារមួយចំនួនសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៦នេះ រួមមានដូចខាងក្រោម៖
១. អគ្គនាយកដ្ឋានរដ្ឋបាលនឹងបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័ន ដើម្បីអនុវត្តការងារមួយចំនួន រួមមាន៖
‐ ប្រជុំពិភាក្សារៀបចំកែសម្រួលទំហំសេវា និងប្រភេទសេវារដ្ឋបាលតាមវិស័យជំនាញនីមួយៗឱ្យស្របទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្ដែងនៃការវិវត្តផ្នែកសេដ្ឋកិច្ច-សង្គម និងភាពចាំបាច់ នៅតាមមូលដ្ឋាន
‐ រៀបចំកែសម្រួលរចនាសម្ព័ន្ធ បែបបទ នីតិវិធី និងដាក់ចេញសេចក្ដីណែនាំ បចេ្ចកទេសសម្រាប់ការផ្តល់សេវារដ្ឋបាល តាមវិស័យជំនាញនីមួយៗ ដើម្បីកាត់បន្ថយបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលដែលមានលក្ខណៈស្មុគស្មាញមកឱ្យមានលក្ខណៈកាន់តែសាមញ្ញ ងាយស្រួល និងអាចអនុវត្តដូចៗគ្នានៅទូទាំងប្រទេស
‐ ជំរុញការធ្វើសន្ធានកម្មទិន្នន័យកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវាតាមយ ន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការផ្តល់សេវារបស់ក្រសួង ស្ថាប័នធានា បាននូវសិទ្ធិក្នុងការពិនិត្យ សម្រេច និងចំណូលដែល ទទួលបានពីការផ្ដល់សេវារដ្ឋបាលទាំងនោះ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះប្រភេទសេវារដ្ឋបាលដែលក្រសួង ស្ថាប័នបាន ផ្ទេរជូន រដ្ឋបាលថ្នាក់ក្រោមជាតិរួចហើយ។

២. អគ្គនាយកដ្ឋានរដ្ឋបាលនឹងសហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ សិក្សា និងរៀបចំឡើងវិញឱ្យបានច្បាស់លាស់នូវមុខងារជាកាតព្វកិច្ច និងមុខងារជាជម្រើសរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត សេចក្តីណែនាំ ស្តង់ដាបច្ចេកទេស និងនីតិវិធីអនុវត្តមុខងារជាកាតព្វកិច្ច និងមុខងារជាជម្រើស ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួនលើការផ្តល់សេវាបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

៣. អគ្គនាយកដ្ឋានរដ្ឋបាលនឹងបន្តសហការ និងស្វែងរកការគាំទ្រពីដៃគូអភិវឌ្ឍន៍ ផ្នែក ឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីបន្តជំរុញការធ្វើទំនើបកម្មការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យអនុវត្តតាមប្រព័ន្ធព័ត៌មានវិទ្យាឌីជីថល ជាពិសេសគឺការ រៀបចំឱ្យមានការស្នើសុំ និងការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញលើគ្រប់ប្រភេទសេវារដ្ឋបាល ដែលត្រូវ អនុវត្តតាមយន្តការច្រកចេញចូលតែមួយ។

៤. អគ្គនាយកដ្ឋានរដ្ឋបាលនឹងបន្តសហការ ជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប.ក្នុងការសិក្សាលទ្ធភាពរៀបចំឱ្យមានមជ្ឈមណ្ឌលប្រមូលផ្ដុំការផ្ដល់សេវាតាមទីប្រជុំជន (PublicService mall) ស្របតាមការកំណត់ក្នុងផែនការអនុវត្តប្រាំឆ្នាំទី២ (ផអ៥ទី២) នៃកម្មវិធីជាតិដំណាក់កាលទី២ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០២១-២០៣០)។ មជ្ឈមណ្ឌល នេះនឹងប្រមូលផ្ដុំទាំងប្រភេទសេវាដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងប្រភេទសេវាដែលស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមកស្ថិតនៅទីតាំងតែមួយ ដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជា-ពលរដ្ឋក្នុងការស្នើសុំនិងទទួលសេវាផ្សេងៗ។

៥. អគ្គនាយកដ្ឋានរដ្ឋបាលនឹងបន្តផ្ដល់ការគាំទ្រ រៀបចំវគ្គបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពមន្ត្រីពាក់ព័ន្ធក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ រៀបចំក្រុមការងារជាក់លាក់ដើម្បីធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំលើការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូល តែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងកៀរគរការចូលរួមពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានអំពីការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយឱ្យបានកាន់ តែទូលំទូលាយតាមគ្រប់មធ្យោបាយ ចំក្រុមគោលដៅ និងមានប្រសិទ្ធ ភាពខ្ពស់។ ជារួមការផ្ដល់សេវារបស់អង្គភាពច្រកចេញចូលតែមួយមិនត្រឹមតែជាការបំពេញ ការងារ រដ្ឋបាល ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការ បម្រើ ប្រជាពលរដ្ឋ ដោយស្មោះស្ម័គ្រ មានអាកប្បកិរិយានិងឥរិយាបថល្អប្រសើរ មានភាពរួសរាយ រាក់ទាក់ និងពន្យល់ដល់ប្រជាពលរដ្ឋ ដោយភាពអត់ធ្មត់ ទើបទទួលបានការគាំទ្រ និងការផ្ដល់ទំនុកចិត្ត ជឿជាក់ ពីសំណាក់ ប្រជាពលរដ្ឋ មកលើអាជ្ញាធរដោយប្រកាន់យកទិសស្លោក« សេវាល្អ បែបបទ នីតិវិធីសាមញ្ញ ងាយស្រួល មន្រ្តីបម្រើសេវា មានក្រមសីលធម៌ល្អ នាំឱ្យប្រជាពលរដ្ឋពេញចិត្ត»៕  

អត្ថបទដែលជាប់ទាក់ទង