ភាគីពាក់ព័ន្ធបើកកិច្ចប្រជុំកំណត់តំបន់ ដើម្បីសិក្សារៀបចំលំនៅដ្ឋានបណ្តោះអាសន្នជូនជនភៀសសឹក

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីមានការឯកភាពគ្នាក្នុងការកំណត់តំបន់ដែលបានសិក្សារួចជ្រើសរើសទីតាំងរៀបចំលំនៅដ្ឋានបណ្តោះអាសន្នជូនបងប្អូនជនភៀសសឹកតាមបណ្តោយព្រំដែន។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងចូលរួមតាមរយៈប្រព័ន្ធអនឡាញពីរដ្ឋបាលខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីនៃខេត្តទាំង៥ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ និងព្រះវិហារ៕

