កម្លាំងស៊ីម៉ាក់ប្រើរយៈពេល១ខែ ក្នុងការបោសសម្អាតគ្រាប់មីននៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម

ភ្នំពេញ៖ ឯកឧត្ដម ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងថ្នាក់ដឹកនាំនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានចុះពិនិត្យ និងជួបសំណេះសំណាលជាមួយកម្លាំងប្រតិបត្តិការនៃកងឯកភាពកំចាត់មីនទី១ទិសខេត្តបន្ទាយមានជ័យ ចំនួន១៧៣នាក់ ដេីម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការបោសសម្អាតគ្រាប់មីននៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។

ក្រោយទទួលបានបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី កម្លាំងអង្គភាពស៊ីម៉ាក់ប្រចាំទិសបន្ទាយមានជ័យបានដាក់ពង្រាយកម្លាំងប្រតិបត្តិការបោសសម្អាតគ្រាប់មីនក្នុងតំបន់ខាងលើនេះ ត្រូវប្រេីប្រាស់កំលាំងចំនួនជាង៥០នាក់ ដោយប្រេីប្រាស់ធនធានថវិកា ដែលមានស្រាប់ ដោយកំលាំងគ្រឿងចក្រ កំលាំងសុនខ និងកំលាំងបច្ចេកទេសតាមការចាំបាច់ ដោយអាចប្រើរយៈពេល១ខែ(ក្នុងខែកក្កដា)ក្នុងការបោសសម្អាត។

សូមបញ្ជាក់ថា ផ្ទៃដីដែលរងផលប៉ះពាល់ដោយសារគ្រាប់មីននៅស្រុកភ្នំស្រុកទាំងមូល ដែលបូករួមទាំងឃុំប៉ោចារ និងតំបន់អាងត្រពាំងថ្ម មានកំណត់ត្រាក្នុងប្រពន្ធ័ទិន្នន័យមានចម្ការមីនចំនួន៨និងមានផ្ទៃដីសរុបជាង២៥ហិចតាដែលសល់មិនទាន់បានបោសសំអាត៕

