អភិបាលខេត្តកំពង់ចាម ជំរុញក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បានស្នើដល់អនុប្រធានក្រុមការងារចុះ មូលដ្ឋានក្រុងកំពង់ចាម លោក លោកស្រី ប្រធានចុះជួយសង្កាត់ទាំង៤ សុំបន្តធ្វើវេទិកាសាធារណៈឱ្យបានគ្រប់សង្កាត់ ដើម្បីស្រង់តំរូវការរបស់ប្រជាពលរដ្ឋដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋទាន់ ពេលវេលាហើយក៏ជាជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋតាមរយៈវេទិកានេះ។
ការថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រាជរដ្ឋា ភិបាលប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិការ ប្រចាំការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម ,លោកជំទាវ ស៊ឹម ស៊ីថែ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាអនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម,ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអនុ ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម,និង ឯកឧត្តម សេះ ពុនយ៉ាមីន សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុម ការងារចុះមូលដ្ឋានក្រុងកំពង់ចាម។
ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានលើកឡើងថា កន្លងមក ការងារដោះស្រាយនូវតំរូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលាចំគោលដៅ ដោះស្រាយមានប្រសិទ្ធ ភាពខ្ពស់ គឺការធ្វើវេទិកាសាធារណៈតាម ឃុំ សង្កាត់ ដែលប្រជាពលរដ្ឋអាចលើកឡើង ជួបផ្ទាល់ជាមួយក្រុមការងារ ចុះជួយតាមសង្កាត់ អាចបានដឹងសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈនេះ ដូច្នេះ សូមឲ្យ អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់បន្តធ្វើវេទិកាសាធារណៈឱ្យបានញឹកញាប់ ដើម្បីរួមចំណែកលើកស្ទួយជីវភាពរស់នៅ ប្រជាពលរដ្ឋកាន់តែធូរធារ។
ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ក្រុមការងារចុះមូលដ្ឋានសង្កាត់ ត្រូវតាមដាន ត្រួតពិនិត្យ លើការងាររបស់ចៅសង្កាត់ រាល់ការអភិវឌ្ឍតាមសង្កាត់ ទាំងអស់ និងការតាមដានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានលឿនរហ័សទាន់ពេលវេលា សម្រាប់ឲ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់។
ឯកឧត្តមបានណែនាំដល់ក្រុមការងារ ត្រូវធ្វើអំពើល្អ ចុះជួយ ផ្តល់ការឧបត្ថម្ភផ្សេងៗ ជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជីវភាពឱ្យពួកគាត់រួចផុតពីភាពក្រីក្រ។
ឯកឧត្តមក៏បានស្នើដល់ ក្រុមការងារបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាម ភូមិ សង្កាត់ ទាំងអស់ពីការអភិវឌ្ឍក្នុងក្រុងកំពង់ចាម ដែលបច្ចុប្បន្នខាងក្រុមហ៊ុនកំពុងដុតដៃដុតជើង រួសរាន់ កសាងផ្លូវឡើងវិញ ក្នុងនោះការងារអភិវឌ្ឍនេះខាងក្រុមហ៊ុន នឹងបិទបញ្ចប់ធ្វើផ្លូវទាំងអស់ក្នុងក្រុងកំពង់ចាមមុនពិធីចូលឆ្នាំខ្មែរដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានអធ្យាស្រ័យ មានការយោគយល់អត់ធ្មត់បន្តិចដើម្បីយើងទាំងអស់គ្នាទទួលបានទីក្រុងឆ្លាតវៃទីក្រុងដែលស្អាតជាងគេ៕

