លោកជំទាវបណ្ឌិត ជា សិរី៖ ប្រព័ន្ធធនាគារនៅតែមានភាពធន់ និងបន្តទទួលបានជំនឿទុកចិត្តពីសាធារណជន

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាអះអាងថា ប្រព័ន្ធធនាគារនៅតែមានភាពធន់ និងបន្តទទួលបានជំនឿទុកចិត្តពីសាធារណជន ខណៈនៅឆ្នាំ២០២៥ ឥណទានដែលផ្តល់ដោយប្រព័ន្ធធនាគារបន្តកើនឡើងសន្សឹមៗក្នុងអត្រា ៤.១% ខ្ពស់ជាងឆ្នាំ ២០២៤ ដែលរួមចំណែកគាំទ្រដោយកំណើនតម្រូវការទុនរបស់ SMEs ក្នុងការពង្រីកអាជីវកម្ម។ ចំណែកប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារបានបន្តកើនឡើងល្អប្រសើរ ជាមួយនឹងអត្រាកំណើន ១៤.៧ភាគរយ។
នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា នៅឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានជួយសម្រាលបន្ទុកដល់យោធិននៅសមរភូមិ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះ ព្រំដែនកម្ពុជា-ថៃ ដោយធនាគារជាតិនៃកម្ពុជាបានណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ និងផ្តល់ការអនុគ្រោះផ្សេងៗ។ ក្នុងនោះធនាគារជាតិនៃកម្ពុជា បានលុបចោលឥណទានរហូតដល់ ៨០លានរៀលសម្រាប់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី។ លុបចោលឥណទានរហូតដល់ ១០លានរៀល សម្រាប់អតិថិជនជាយោធិនពិការក្នុងសមរភូមិ ព្រមទាំងមានការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជនទូទៅជនភៀសសឹក ពលករត្រលប់មកពីប្រទេសថៃ និងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ ក្នុងសមរភូមិប្រយុទ្ធលើកលែងកម្រៃ ការផាកពិន័យ ការប្រាក់ ពន្យារពេលទូទាត់សងប្រាក់ដើម រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ សម្រាប់អតិថិជនជាយោធិនធ្វើប្រតិបត្តិការផ្ទាល់។
លោកជំទាវបណ្ឌិត បានបញ្ជាក់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានបន្តរៀបចំឥណទានឡើងវិញជូនដល់អតិថិជន ដែលបច្ចុប្បន្នមានចំនួន៥.៣ ប៊ីលានដុល្លារអាមេរិក ស្មើនឹង៨.៣% នៃឥណទានសរុប សម្រាប់គណនីចំនួន ២៤៥.១ពាន់៕

