តំណាងនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាំយកថវិកាជូនគ្រួសារពលី និងគ្រួសារនគរបាលរងរបួសធ្ងន់ក្នុងសមរភូមិទិសឧត្ដរមានជ័យ

ឧត្ដរមានជ័យ៖ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ អញ្ជើញអមឯកឧត្ដម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានជួបសំណេះសំណាល និងនាំយកថវិកាជូនគ្រួសារនគរបាលពលីចំនួន ០៥នាក់ និងគ្រួសារនគរបាលរងរបួសធ្ងន់ចំនួន ០១នាក់ ក្នុងសមរភូមិ ទិសឧត្ដរមានជ័យ។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានពាំនាំមតិផ្ដាំផ្ញើសួរសុក្ខទុក្ខ និងចូលរួមរំលែកមរណៈទុក្ខដល់គ្រួសារពលី ដែលបានបូជាជីវិតដើម្បីការពារបូរណភាពទឹកដីនៃមាតុភូមិកម្ពុជា ដោយបាននាំយកថវិកាប្រគល់ជូនគ្រួសារពលី ០៥នាក់ ដោយក្នុង ០១នាក់ទទួលបានថវិកា ៨.០០០.០០០រៀល និងគ្រួសារនគរបាលរងរបួសធ្ងន់ក្នុងសមរភូមិ ០១នាក់ ទទួលបានថវិកាចំនួន ៤.០០០.០០០រៀល ដែលជាថវិការបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ជាកិច្ចបញ្ចប់ ក្រុមគ្រួសារនគរបាលពលី និងរបួស ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានគិតគូសុខទុក្ខកូនចៅក្រោមឱវាទពេលកំពុងជួបទុក្ខលំបាក៕

