ក្រសួងបរិស្ថានបង្ហាញពីការប្តេជ្ញាខ្ពស់ និងរយៈពេលវែងរបស់កម្ពុជា ក្នុងការចូលរួមជាមួយនឹងពិភពលោកដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាបង្កើនភាពបៃតង នៃភពផែនដីសម្រាប់អ្នកជំនាន់ក្រោយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និងថ្លែងចំណាប់អារម្មណ៍នៃគម្រោង ស្តីពី «ការកសាងភាពធន់របស់កុមារ និងសហគមន៍ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈវិស័យអប់រំ» នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារិ។
ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាង UNESCO ប្រចាំកម្ពុជា តំណាងអង្គការ Save the Children International តំណាង Save the Children ប្រចាំកម្ពុជា និងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូប។
គម្រោងការកសាងភាពធន់របស់កុមារ និងសហគមន៍ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈវិស័យអប់រំ គឺជាគម្រោងដែលចូលរួមចំណែកធ្វើឱ្យប្រព័ន្ធអប់រំរបស់កម្ពុជាមានភាពធន់ និងចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុ ជាពិសេសធានាបានថា សាលារៀនមានសុវត្ថិភាព ធន់នឹងការប្រែប្រួលអាកាសធាតុ និងមានភាពបៃតង ជាងមុន។
ក្នុងនាម ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្នុងនាមស្ថាប័នជាតិទទួលបន្ទុកមូលនិធិអាកាសធាតុបៃតង លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ បានបង្ហាញជំហរថា ក្រសួងបរិស្ថាននឹងបន្តសហការជាមួយគ្រប់ក្រសួង ស្ថាប័ន និងដៃគូ ដើម្បីកៀរគរធនធានអាកាសធាតុ និងពិនិត្យលើការអនុវត្តគម្រោង ស្របតាមទិសដៅសកម្មភាពជាតិស្តីពីការប្រែប្រួលអាកាសធាតុ៕

