ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តកំពង់ចាម

កំពង់ចាម៖ នារសៀលទី៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា-ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍បក្សខេត្ត ដើម្បីឆ្លងរបាយការណ៍, ពិនិត្យរៀបចំបន្ថែមនូវអង្គការចាត់តាំងគណបក្ស និងវាយតម្លៃមន្ត្រី។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អនុប្រធានបក្សខេត្ត, ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ រួមនិងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅទីស្នាក់ការគណបក្សខេត្ត។
កិច្ចប្រជុំបានអនុវត្តតាមគោលការណ៍របស់គណបក្ស គឺ សមូហភាពដឹកនាំ និងបុគ្គលទទួលខុសត្រូវ ដែលជាមូលដ្ឋានគ្រឹះ នៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

