រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំផ្សព្វផ្សាយជំរុញការលើកកម្ពស់ និងបង្កើនលទ្ធភាពទទួលបានសេវាទឹកស្អាត នៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅតាមបណ្តាក្រុង ស្រុក

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការជំរុញលើកកម្ពស់ និងបង្កើនលទ្ធភាពទទួលបានសេវាទឹកស្អាតនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅតាមបណ្តាក្រុង ស្រុក ខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោក អុឹង គឹមលាង អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។
សមាសភាពចូលរួមពីទីចាត់ការអន្តរវិស័យសាលាខេត្ត មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រដ្ឋាករទឹកស្វយ័តសៀមរាប មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ តំណាងរដ្ឋបាលក្រុង ស្រុកទាំង១៣ សេវាករទឹកស្អាត សហគមន៍ទឹកស្អាត និងមន្ត្រីពាក់ព័ន្ធ សរុបអ្នកចូលរួមចំនួន ៨០នាក់ ។
លោក អុឹង គឹមលាង បានស្វាគមន៍ចំពោះការអញ្ជើញចូលរួមអ្នកពាក់ព័ន្ធដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាពេលនេះ ដោយបានបញ្ជាក់អំពីគោលបំណងនៃកិច្ចប្រជុំ គឺដើម្បីផ្សព្វផ្សាយពីលិខិតលេខ ៣៣១១ សជណ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងពិនិត្យលើបញ្ហាការតបណ្តាញទឹកស្អាតនៅតាមទីជនបទរបស់សហគមន៍ និងសេវាករ លើដំណើរការសេវាទឹកស្អាតនៅ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។
ជាមួយគ្នានេះ អង្គប្រជុំបានពិនិត្យ និងជជែកពិភាក្សាលើការណែនាំរបស់ក្រសួងមហាផ្ទៃ ដើម្បីបានជាប្រយោជន៍សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តសៀមរាបរបស់យើង ស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងគោលនយោបាយនានាដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់ការទី១ នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងបានកំណត់យកអាទិភាពគន្លឹះ ៥គឺ៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ព្រមទាំងជំរុញឱ្យខេត្តសៀមរាបទាំងមូលទទួលបានសេវាទឹកស្អាតស្របទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាឆ្នាំ២០១៦-២០៣០ ដែលកំណត់ថាប្រជាពលរដ្ឋ ត្រូវមានទឹកស្អាតប្រើទាំងអស់គ្នានៅត្រឹមឆ្នាំ២០៣០៕

