ឯកឧត្តម ចាន់ សុធា អញ្ជេីញបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (ផអ៥ទី២) (២០២៦-២០៣០)

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. បានអញ្ជើញបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (ផអ៥ទី២) (២០២៦-២០៣០) នៅសណ្ឋាគារ Sun&Moon រាជធានីភ្នំពេញ។
នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួង ស្ថាប័នជាសមាជិក គ.ជ.អ.ប. រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា សរុបប្រមាណ ២០១រូប (ស្រ្តី២៧រូប)។
សិក្ខាសាលានេះ រៀបចំឡើងដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងមានការគាំទ្រពីកម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅកម្ពុជា (ISD/GIZ) និងអង្គការទស្សនពិភពលោក (WVI) ក្នុងគោលបំណងពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់ទៅលើសេចក្តីព្រាងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (ផអ៥ទី២) (២០២៦-២០៣០) នៃកម្មវិធីជាតិសម្រាប់ការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២។
ក្នុងពិធីបិទសិក្ខាសាលានេះ ឯកឧត្តម បានមានប្រសាសន៍ថា តាមរយៈសិក្ខាសាលានេះ និងកិច្ចប្រជុំពិគ្រោះយោបល់នានា ដែលបានរៀបចំនាពេលកន្លងមក យើងប្រមូលបាននូវមតិយោបល់ និងធាតុចូលជាច្រើនពីក្នុងចំណោមតួអង្គសំខាន់ៗ ដែលរួមមាន៖ ក្រសួង ស្ថាប័ននៅថ្នាក់ជាតិដែលជាតួអង្គរៀបចំគោលនយោបាយ និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលជាតួអង្គ ប្រតិបត្តិផ្ទាល់នៅមូលដ្ឋាន ព្រមទាំងដៃគូ អង្គការសង្គមស៊ីវិល ដែលជាតួអង្គគាំទ្រ និងសហការអនុវត្តក្នុងការដ្ឋាននៃកំណែទម្រង់ដ៏មានសារៈសំខាន់នេះ។ ការចូលរួមមតិយោបល់ទាំងនេះ គឺជាគុណតម្លៃដ៏ធំធេងសម្រាប់ការរួមគ្នាគិតគូរអំពីផែនការ ដែលត្រូវបន្តអនុវត្តសម្រាប់រយៈពេល៥ឆ្នាំបន្តទៀតនៃកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា៕

