ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការអនុវត្ត រយៈពេល ៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០)

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃ គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពស់ខ្ពង់ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (ផអ៥ទី២) (២០២៦-២០៣០) និងមានការអញ្ជើញចូលរួមដ៏ខ្ពស់ខ្ពង់ពីឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. នៅសណ្ឋាគារ Sun&Moon រាជធានីភ្នំពេញ។
នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួង ស្ថាប័នជាសមាជិក គ.ជ.អ.ប. រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា សរុបប្រមាណ ២០១រូប (ស្រ្តី២៧រូប)។
សិក្ខាសាលានេះ រៀបចំឡើងដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងមានការគាំទ្រពីកម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅកម្ពុជា (ISD/GIZ) និងអង្គការទស្សនពិភពលោក (WVI) ក្នុងគោលបំណងពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់ទៅលើសេចក្តីព្រាងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (ផអ៥ទី២) (២០២៦-២០៣០) នៃកម្មវិធីជាតិសម្រាប់ការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២៕

