១១ខែ កម្ពុជានាំចេញអង្ករចំនួន ៨០១ ៦៤៣តោន គិតជាទឹកប្រាក់បានចំនួន ៥២៦.៤៧លានដុល្លារ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការនាំចេញក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៨០១ ៦៤៣តោន គិតជាទឹកប្រាក់បានចំនួន ៥២៦.៤៧លានដុល្លារសហរដ្ឋអាមេរិក។
ប្រភពបានបន្តថា ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៨០១ ៦៤៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៧២ ដែលក្នុងនោះ ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៨ បានបរិមាណអង្ករចំនួន ៣០៧ ៦៣០ តោន គិតជាទឹកប្រាក់ចំនួន ២៣៦.៥៤ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន១៨៨ ១៨៩ តោន គិតជាទឹកប្រាក់ចំនួន១១៦.៥៣លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៨ ប្រទេសបានបរិមាណចំនួន ២១៨ ៣១៣ តោន គិតជាទឹកប្រាក់ចំនួន៩៣.៥០លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិកមជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន -ល- បានចំនួន ៨៧ ៥១១តោន គិតជាទឹកប្រាក់ចំនួន ៧៩.៩០ លានដុល្លារសហរដ្ឋអាមេរិក។
ប្រភពដដែលបានឲ្យដឹងទៀតថា ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៦៥.១៥% ប្រភេទអង្ករសគ្រាប់វែង ១៤.៧៩% អង្ករចំហ៊ុយ ២.០៧% អង្ករសរីរាង្គចំនួន ១.៤៦% អង្ករបាក់គ្រប់ប្រភេទ ១៦.០៧% និងអង្ករផ្សេងៗចំនួន ០.៤៦%។ ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៦ ០៩៧ ០១៣ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ានប្រមាណបានចំនួន ១៤០៨លានដុល្លារសហរដ្ឋអាមេរិក៕

