តៃវ៉ាន់គ្រោងផលិតប្រព័ន្ធការពារដែនអាកាសខ្នាតយក្សលើកដំបូងរបស់ខ្លួន ដើម្បីប្រឆាំងនឹងការយាយីរបស់មហាយក្សចិន
បរទេស៖
ពេលនេះទីក្រុងតៃប៉ិ គ្រោងផលិតប្រព័ន្ធការពារដែនអាកាសខ្នាតយក្សលើកដំបូងរបស់ខ្លួន ដើម្បីប្រឆាំងនឹងការយាយីរបស់មហាយក្សចិន ដែលចិញ្ចឹមចិត្តត្របាក់លេបកោះតៃវ៉ាន់ចូលក្នុងពោះ។
មេដឹកនាំកោះប្រជាធិបតេយ្យដែលបំបែកខ្លួនចេញពីត្រកូលកុម្មុយនីស្ដមួយនេះ បានប្រញាប់ប្រញាល់ផលិតអាវុធយុទ្ធោបករណ៍សំណាញ់មេឃមួយប្រភេទ ដែលមានឈ្មោះថា «T-Dome» ដើម្បីដាក់បញ្ចូលទៅក្នុងកំពែងនៃប្រព័ន្ធការពារជាតិរបស់ខ្លួន។ មែនទែនទៅ សំណាញ់មេឃ «T-Dome» មានការចម្លងរូបមន្តមកពីសហរដ្ឋអាម៉េរិក ដែលជាកិច្ចព្រមព្រៀងនៃការទិញបច្ចេកវិជ្ជា។ គម្រោងនៃការបញ្ជាទិញពីអាម៉េរិកនេះ ក៏នឹងរួមបញ្ចូលប្រព័ន្ធ Patriot PAC-3 បន្ថែមទៀត និងការធ្វើឱ្យប្រសើរឡើងដល់ប្រព័ន្ធការពារដែនអាកាស ដែលមានស្រាប់។
លោកប្រធានាធិបតីតៃវ៉ាន់ ឡៃ ឈីងតេ អះអាងថា តៃវ៉ាន់នឹងចំណាយថវិកា៤០ពាន់លានដុល្លារបន្ថែមទៀត ដើម្បីចាក់បញ្ចូលទៅក្នុងវិស័យការពារជាតិឱ្យកាន់តែមានទំនើបកម្មលើការពង្រីកខែលការពារប្រទេស។
កាលពីខែតុលា លោក ឡៃ លើកឡើងថា តៃវ៉ាន់នឹងពន្លឿនការកសាងប្រព័ន្ធការពារដែនអាកាស «T-Dome» ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងទប់ស្កាត់ការឈ្លានពានរបស់មហាយក្សចិន។ ជាមួយគ្នា លោកក៏បានបន្ថែមថា សំណាញ់មេឃ «T-Dome» នឹងក្លាយជាខែលការពារច្រើនស្រទាប់ និងមានកម្រិតខ្ពស់នៃការស្ទាក់ចាប់មីស៊ីលប្រកបដោយប្រសិទ្ធភាព។ តើ «T-Dome» មានសមត្ថភាពខ្លាំងកម្រិតណា? បើនិយាយពីប្រព័ន្ធការពារដែនអាកាស គេសង្កេតឃើញថាមានតែ Patriot របស់អាម៉េរិក និង Iron Dome របស់អ៊ីស្រាអែលទេ ដែលមានសមត្ថភាពខ្លាំង ប៉ុន្តែគ្រប់គ្នាមិនបានដឹងទេថា T-Dome គឺមានសមត្ថភាពខ្លាំងជាង Patriot និង Iron Dome ទៅទៀត។ ភាពខ្លាំងរបស់ T-Dome គឺត្រូវបានរចនាឡើង ដើម្បីប្រឈមមុខនឹងការគំរាមកំហែងកម្រិតធ្ងន់ធ្ងររបស់ប្រទេសចិន និងបច្ចាមិត្តផ្សេងទៀត។ នេះបើតាមអ្នកជំនាញសន្តិសុខ។
អ្នកជំនាញបន្ថែមថា កងទ័ពរំដោះប្រជាជនចិន គឺផ្តោតសំខាន់ទៅលើយន្តហោះចម្បាំង មីស៊ីលផ្លោង នាវាចម្បាំង និងយន្តហោះគ្មានមនុស្សបើក។ ដូច្នេះ ប្រសិនបើចិនហ៊ានប្រើអាវុធទាំងនេះមកសង្គ្រុបលើកោះតៃវ៉ាន់ នោះនឹងក្លាយជាចំណីរបស់ T-Dome ជាក់ជាមិនខាន។ T-Dome ជាប្រព័ន្ធការពារដែនអាកាសដែលមានសមត្ថភាពខ្ពស់មិនធម្មតានោះទេ! មិនធម្មតា ក៏នៅត្រង់ថា វាបានរួមបញ្ចូលនូវប្រព័ន្ធរ៉ាដា ឧបករណ៍ចាប់សញ្ញា និងបច្ចេកវិទ្យាទំនើបមួយចំនួនទៀត ដែលអ្នកឯកទេសកោះតៃវ៉ាន់ និងអាម៉េរិក ធ្វើការរួមគ្នាបំពាក់ទៅក្នុង T-Dome។ ប្រការនេះហើយដែលនាំឱ្យវាក្លាយជាសំណាញ់មេឃមួយមើលទៅដូចសំបុកពីងពាង ស្ទាក់ចាប់ចំណីនៅលើអាកាសបានយ៉ាងមានប្រសិទ្ធភាព។
ក្រៅពី T-Dome តៃវ៉ាន់ ក៏នៅមានប្រព័ន្ធការពារដែនអាកាសរួចហើយដែរ រួមទាំងខែលការពារដែនអាកាស Patriot ផលិតដោយសហរដ្ឋអាម៉េរិក និងប្រព័ន្ធការពារអាកាសឥន្ទធនូលើមេឃ Sky Bow ដែលជាផលិតក្នុងស្រុកមួយផ្នែកទៀតផងដែរ៕

