នាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីអាមេរិក ពិភាក្សាអំពីទំនាក់ទំនងជាមួយចិនតាមទូរស័ព្ទ

តូក្យូ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និងប្រធានាធិបតីអាមេរិក លោក Donald Trump បានពិភាក្សាអំពីទំនាក់ទំនងជាមួយចិន នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទមួយ នៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ដែលជាកិច្ចសន្ទនាលើកដំបូងបំផុតរវាងមេដឹកនាំទាំង២ ចាប់តាំងពីលោកស្រី Takaichi ធ្វើឱ្យចិនក្ដៅក្រហាយជុំវិញការអត្ថាធិប្បាយរបស់លោកស្រីលើបញ្ហាតៃវ៉ាន់។
ការឆ្លើយតបរបស់លោកស្រី Takaichi ទៅកាន់សំណួរមួយរបស់សមាជិកសភាជប៉ុនកាលពីដើមខែវិច្ឆិកានេះដែលថាការវាយប្រហារណាមួយរបស់ចិនលើតៃវ៉ាន់ អាចនឹងជំរុញឱ្យជប៉ុនធ្វើការឆ្លើយតប ដោយយោធា បានធ្វើឱ្យចិនខឹងសម្បាយ៉ាងខ្លាំងរហូតដល់ចាត់វិធានការសងសឹក ក្នុងនោះរួមមានទាំងការធ្វើហិការធ្វើដំណើរកម្សាន្តទៅជប៉ុន។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃអង្គារនេះ លោកស្រី Takaichi បានឱ្យដឹងថា «លោកប្រធានាធិបតី Trump បានផ្ដល់ការពន្យល់ត្រួសៗអំពីស្ថានភាពថ្មីៗនេះនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន»។
លោកស្រីបន្តថាប្រធានាធិបតី Trump ក៏បានលើកឡើងដែរថារូបលោក និងលោកស្រី គឺជាមិត្តល្អបំផុតនឹងគ្នា ហើយថាលោកនឹងស្វាគមន៍ទទួលការហៅទូរស័ព្ទពីលោកស្រីគ្រប់ពេលវេលា។
គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកាថាការវិលត្រឡប់របស់តៃវ៉ាន់ មកនៅក្រោមការគ្រប់គ្រងរបស់ចិនវិញ គឺជាចំណុចស្នូលមួយនៃសណ្ដាប់ធ្នាប់អន្តរជាតិក្រោយសង្រ្គាមលោកលើកទី២។ លោក ត្រាំ វិញបានគូសបញ្ជាក់ពីភាពរីកចម្រើននៅក្នុងកិច្ចចរចាពាណិជ្ជកម្ម តែមិនបានលើកឡើងពីកិច្ចពិភាក្សាអំពីបញ្ហាតៃវ៉ាន់ជាមួយលោក ស៊ី ជីនពីងនោះទេ៕
