ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវ និងធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះសម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងឡាវ ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ថងសាវណ្ណ ភុមវិហាន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី១៥ នៃ គណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងឡាវ នៅទីក្រុងវៀងចន្ទន៍ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឱ្យដឹងថា ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម ប្រាក់ សុខុន ក៏នឹងអញ្ជើញជួបសម្ដែងការគួរសម ចំពោះ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានាធិបតី និងឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ដំណើរទស្សនកិច្ចផ្លូវការនេះ បញ្ជាក់ជាថ្មីនូវទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង រវាងប្រទេសទាំងពីរដែលបង្ហាញពីការប្ដេជ្ញាចិត្តរួមនៃប្រជាជាតិទាំងពីរ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវ ចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការពហុវិស័យ៕

