អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនជនភៀសសឹក កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព

ឧត្តរមានជ័យ៖ បងប្អូនជនភៀសសឹកជាង ៣២៩គ្រួសារ ដែលស្នាក់នៅមណ្ឌលសុវត្ថិភាព ថ្មកំបោរ និងវត្តគោកមន ស្ថិតនៅស្រុកបន្ទាយអំពិល ត្រូវបាន ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ជាគ្រឿងឧបភោគបរិភោក និងសម្លៀកបំពាក់មួយចំនួន នាថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៥នេះ។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជា ខិតខំដោះស្រាយបញ្ហាដោយសន្តិវិធី និងយន្តការច្បាប់ក្តី ក៏យើងនៅតែបន្តប្រឈម នឹងការបង្កហេតុពីភាគីថៃ ដែលនៅតែបន្តធ្វើការឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា និងបន្តបង្កភាពតានតឹងនៅតាមបណ្តោយព្រំដែន ដែលជាហេតុបណ្តាលឲ្យប្រជាពលរដ្ឋស្លូតត្រង់នៅតាមតំបន់ប្រឈម ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង និងដីធ្លី របស់ខ្លួន ដើម្បីស្វែងរកសុវត្ថិភាព។
គួរបញ្ជាក់ថា អំណោយដែលផ្ដល់ជូនដល់ជនភៀសសឹក រួមមាន៖ អង្ករ មី និងសម្លៀកបំពាក់មួយចំនួនផងដែរ៕

