គ្រួសាររងគ្រោះដោយសារគ្រោះទឹកជំនន់ ចំនួន ១០០គ្រួសារ នៅឃុំចំនួន៣ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងស្មារតីនៃកិច្ចការមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយ ឯកឧត្ដម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិកាសាខាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ចំនួន ១០០គ្រួសារ មកពីឃុំជ្រៃឃ្មុំ ព្នៅទី១ និងឃុំព្នៅទី២ នៅបរិវេណសាលាឃុំព្នៅទី២ ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលជួបការលំបាក និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងផងដែរ។
ឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយសារទឹកជំនន់ ជាពិសេសការថែទាំសុខភាព អនាម័យ និងការមើលថែរក្សាកូនចៅតូចៗកុំឲ្យលង់ទឹក។ ជាមួយគ្នានេះ ឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌នេះ។
ឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍ មានប្រសាសន៍បន្តថា សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នៅតែបន្តបេសកកម្មមនុស្សធម៌របស់ខ្លួន ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ដើម្បីជួយសង្គ្រោះ និងស្តារឡើងវិញនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះនៅទូទាំងខេត្ត។
ក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក បុគ្គលិកកិច្ចសន្យា អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន ការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩(Covid-19) វិធានការបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម-គ្រុនឈីក សុវត្ថិភាពចរាចរណ៍ វិជ្ជាសង្គ្រោះបឋម ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន នឹងគោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព សរុបអ្នកចូលរួមចំនួន ១៦៧នាក់ ស្រី ៩៦នាក់។
អំណោយផ្ដល់ជូនក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក ឃីត ១កញ្ចប់(មុង ភួយ ក្រមា សារុង) មី ១កេស ត្រីខ ១យួរ និងថវិកាចំនួន ៥០,០០០រៀល៕

