កម្ពុជា និងហុងគ្រី ផ្លាស់ប្តូរទស្សនៈ និងលើកឡើងពីជំហានជាក់ស្តែង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម និងការវិនិយោគ ការគ្រប់គ្រងធនធានទឹក កសិកម្ម និងកសិឧស្សាហកម្ម ថាមពល អប់រំ សុខាភិបាល និងទេសចរណ៍

ភ្នំពេញ៖ លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលក្នុង
ឱកាសនោះ លោកជំទាវ និង ឯកឧត្តម Péter Sztáray រដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយសន្តិសុខ និងសន្តិសុខថាមពល នៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសទាំងពីរ។
ភាគីទាំងពីរបានគូសបញ្ជាក់នូវចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ដែលបាននិងកំពុងរីកចម្រើនលើវិស័យជាច្រើនដែលជាប្រយោជន៍រួម ដូចបានឆ្លុះបញ្ចាំងតាមរយៈជំនួបជាញឹកញាប់ និងប្រកបដោយផ្លែផ្ការវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ភាគីទាំងពីរទន្ទឹងរង់ចាំប្រារព្វខួបលើកទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងហុងគ្រីនៅក្នុងឆ្នាំ២០២៦។
រដ្ឋលេខាធិការទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃយន្តការកិច្ចពិគ្រោះយោបល់នយោបាយ និងការផ្លាស់ប្តូរកម្រិតខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងអភិវឌ្ឍន៍។
សហប្រធានទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងលើកឡើងពីជំហានជាក់ស្តែង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម និងការវិនិយោគ ការគ្រប់គ្រងធនធានទឹក កសិកម្ម និងកសិឧស្សាហកម្ម ថាមពល អប់រំ សុខាភិបាល និងទេសចរណ៍។
ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភរួម រួមទាំង បច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាព៕

