នាយករដ្ឋមន្រ្តីជប៉ុន ចង់បានទំនាក់ទំនងល្អជាមួយចិន ហើយគោលជំហររបស់ជប៉ុនស្តីពីតៃវ៉ាន់ គឺនៅតែបន្តគ្មានការផ្លាស់ប្តូរឡើយ

តូក្យូ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថា លោកស្រីចង់បានទំនាក់ទំនងស្ថាបនា ជាមួយប្រទេសចិន និងថាគោលជំហររបស់ជប៉ុនស្តីពីតៃវ៉ាន់ គឺនៅតែបន្តគ្មានការផ្លាស់ប្តូរឡើយ បន្ទាប់ពីផ្ទុះជម្លោះជាមួយទីក្រុងប៉េកាំង ដោយសារតែរឿងកោះតៃវ៉ាន់។
លោកស្រី Takaichi បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «កាលពីចុងខែមុន លោកប្រធានាធិបតី ស៉ី និងខ្ញុំ បានបញ្ជាក់ប្រាប់គ្នា អំពីទិសដៅទូលំទូលាយ នៃការជំរុញឱ្យគ្រប់ជ្រុងជ្រោយ នូវទំនាក់ទំនងយុទ្ធសាស្រ្តនិងផ្តល់ប្រយោជន៍ទៅវិញទៅមករបស់ពួកយើង ហើយកសាងទំនាក់ទំនងមួយ ដែលមានលក្ខណៈស្ថាបនា និងមានស្ថិរភាព»។ លោកស្រីបានបន្ថែមថា គោលជំហររបស់រដ្ឋាភិបាលជប៉ុន គឺបន្តគ្មានការប្រែប្រួលឡើយ ស្តីអំពីតៃវ៉ាន់។
គួរបញ្ជាក់ថា ជម្លោះការទូតរវាងប្រទេសទាំងពីរ បានផ្ទុះឡើងក្នុងខែនេះ បន្ទាប់ពីការលើកឡើងរបស់លោកស្រី Takaichi ដែលបាននិយាយថា ទីក្រុងតូក្យូអាចនឹងធ្វើអន្តរាគមន៍យោធា ក្នុងករណីដែលចិនបើកការវាយប្រហារលើ តៃវ៉ាន់។ ការអត្ថាធិប្បាយបែបនោះ បានធ្វើឱ្យចិនក្តៅស្លឹកត្រចៀកជាខ្លាំង ដ្បិតចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយបញ្ហាដែនកោះនេះ គឺជាខ្សែបន្ទាត់ក្រហម និងជាបញ្ហាស្នូលបំផុតនៃផលប្រយោជន៍ស្នូលនានារបស់ប្រទេសចិន៕

