សាលាមតេយ្យសិក្សាមួយខ្នង ដែលពីមុនមកជារោងដោល ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាសំបួរមាស ភូមិអណ្ដូងចេក ឃុំជើងគ្រាវ ស្រុកលាប្អៀរ ត្រូវបានសាងសង់ជាអគារសិក្សាប្រកបដោយស្តង់ដារ

កំពង់ឆ្នាំង៖ សាលាមតេយ្យសិក្សាមួយខ្នង ដែលពីមុនមកជារោងដោល ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាសំបួរមាស ភូមិអណ្ដូងចេក ឃុំជើងគ្រាវ ស្រុកលាប្អៀរ បច្ចុប្បន្នត្រូវបានសាងសង់ជាអគារសិក្សាប្រកប ទៅដោយស្តង់ដារ។
ការសាងសង់សាលាមតេយ្យសិក្សាខាងលើនេះ គឺជាថវិកាបានមកពីការចូលរួមជួយឧបត្ថម្ភរបស់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស,ប្រជាពលរដ្ឋក្នុងមូលដ្ឋាន, អាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា ពិសេសដោយមានការជួយឧបត្ថម្ភពីឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។
លោក សេង វិចិត្រ អភិបាលស្រុករលាកប្អៀរ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា បន្ទាប់ពីមានការផ្អាកដំណើរការសាងសង់សាលាមតេយ្យសិក្សាខាងលើនេះមួយរយៈ ដោយសារពុំទាន់មានថវិកាគ្រប់គ្រាន់ ក្នុងការសាងសង់បង្ហើយដែលនៅសេសសល់ប្រមាណជាជាង២០ភាគរយទៀតតែប៉ុណ្ណោះ។
ប៉ុន្តែក្រោយពីអភិបាលខេត្ត បានទទួលបានសេចក្តីរាយការណ៍ អំពីការផ្អាកការសាងសង់សាលាខាងលើនេះ ដោយសារខ្វះខាតថវិកា ក៏បានចាត់ឲ្យរូបលោក និងក្រុមការងារចុះទៅពិនិត្យជាបន្ទាន់ ដើម្បីចាត់ចែងហៅក្រុមជាង បន្តការសាងសង់ឲ្យឆាប់បានរួចរាល់ និងឆាប់បានសិស្សចូលរៀនអស់តម្លៃប៉ុន្មាន លោកអភិបាលខេត្ត ជាអ្នកចាត់ចែងចំណាយទាំងអស់។
ក្នុងនាមរដ្ឋបាលស្រុករលាប្អៀរ និងក្នុងនាមរូបលោកផ្ទាល់ បានចូលរួមជួយឧបត្ថម្ភបង្គន់អនាម័យមួយខ្នង ដែលជាបង្គន់អនាម័យស្តង់ដារជូនដល់សាលាមតេយ្យសិក្សាខាងលើនេះ សម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រើប្រាស់បានយូរអង្វែង។
ដោយឡែកនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះទៅពិនិត្យការសាងសង់សាលាមតេយ្យសិក្សាខាងលើនេះដោយផ្ទាល់ ក្នុងនោះ លោកអភិបាលខេត្តបានជំរុញឲ្យក្រុមជាងពន្លឿន នៃការសាងសង់ធ្វើយ៉ាងណាឲ្យបានឆាប់រួចរាល់ និងឆាប់បានសិស្សចូលរៀនឡើងវិញ។
បន្ទាប់ពីពួកគេត្រូវខកខានការសិក្សារយៈពេលច្រើនខែអំឡុងពេល នៃការសាងសង់សាលាកន្លងមកនេះ ក្នុងនោះលោកសុំការយោគយល់ និងអធ្យាស្រ័យពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ដោយសារមួយរយៈនេះលោកជាប់រវល់ការងារចាំបាច់ជាច្រើន ពិសេសដោយសារតែរូបលោកផ្ទាល់មានជំងឺត្រូវព្យាបាលផង ទើបមានការយឺតយ៉ាវ ក្នុងការជួយសាងសង់សាលាមតេយ្យសិក្សានេះ តែឥឡូវនេះ លោកបានធូរស្បើយឡើងវិញហើយ ចំណែកសាលានេះ ក៏នឹងត្រូវសាងសង់ឲ្យបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខ ដើម្បីឆាប់បានសិស្សបន្តការសិក្សាឡើងវិញ៕

