កងកម្លាំងអាមេរិក សម្លាប់មនុស្ស៦នាក់ទៀត នៅក្នុងការវាយប្រហារ លើទូកសង្ស័យដឹកគ្រឿងញៀន

វ៉ាស៊ីនតោន៖ នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថាកងកម្លាំងអាមេរិកបានសម្លាប់មនុស្ស៦នាក់ទៀត នៅក្នុងការវាយប្រហារ លើទូកសង្ស័យដឹកគ្រឿងញៀន ដែលធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងយុទ្ធនាការបង្រ្កាបគ្រឿងញៀនរបស់សហរដ្ឋអាមេរិកដែលក្រុមអ្នករិះគន់ចាត់ទុកថាជាការសម្លាប់មនុស្សខុសច្បាប់ កើនដល់ ៧៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X លោក Hegseth បានឱ្យដឹងថាសហរដ្ឋអាមេរិកបានដឹកនាំការវាយប្រហារកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន នៅឯដែនទឹកអន្តរជាតិ នៃតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយកំណត់គោលដៅលើទូក ២គ្រឿងដែលដឹកគ្រឿងញៀន ហើយទូកមួយគ្រឿងៗមានមនុស្ស ៣នាក់។
«មនុស្សទាំង៦នាក់ត្រូវបានសម្លាប់ ហើយគ្មាន កងកម្លាំងអាមេរិកណាម្នាក់រងរបួសនោះទេ»។ នេះជាការបញ្ជាក់របស់លោក Pete Hegseth ដោយបន្ថែមថាទូក២គ្រឿងនេះជាកម្មសិទ្ធិរបស់អង្គការដែលត្រូវបានចាត់ទុកជាភេរវករ តែលោកមិនបានបង្ហើបឱ្យដឹងពីឈ្មោះថាជាក្រុមណាមួយឡើយ។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនបានបញ្ចេញភស្តុតាងដែលបង្ហាញទូកដែលរងការវាយប្រហារពិតជាបានដឹកនាំគ្រឿងញៀន ឬក៏បង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិកនោះទេ៕

