ព្យុះទីហ្វុង Fung-wong បានរំកិលចេញពីហ្វីលីពីននៅលើសមុទ្រចិនខាងត្បូង បន្ទាប់ពីខ្យល់បក់បោក និងភ្លៀងធ្លាក់ខ្លាំង បានឆក់យកជីវិតមនុស្ស៤នាក់

ម៉ានីល៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ព្យុះទីហ្វុង Fung-wong ដែលចុះខ្សោយឥទ្ធិពល បានរំកិលចេញពីហ្វីលីពីននៅលើសមុទ្រចិនខាងត្បូង នាព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា បន្ទាប់ពីខ្យល់បក់បោក និងភ្លៀងធ្លាក់ខ្លាំង បានឆក់យកជីវិតមនុស្សកើនឡើងដល់ ៤នាក់ បង្ខំឱ្យមនុស្សជាង ១លាននាក់ត្រូវជម្លៀសចេញ។
អាជ្ញាធរនិយាយថា Fung-wong ដែលជាព្យុះដ៏ខ្លាំងក្លាបំផុតមួយក្នុងឆ្នាំនេះ នៅហ្វីលីពីន បានសម្លាប់មនុស្ស ៤នាក់។ រីឯមនុស្សជាងមួយលាននាក់ត្រូវបានជម្លៀសចេញ មុនពេលព្យុះមកដល់កាលពីថ្ងៃអាទិត្យ ជាមួយខ្យល់បោកបក់ ភ្លៀងធ្លាក់ខ្លាំង និងរលកធំៗនៅកោះ Luzon ដែលមានប្រជាជនរស់នៅច្រើនបំផុត។
បំណាក់ដីបានកាត់ផ្តាច់ក្រុងចំនួន ៤ នៃខេត្ត Aurora របស់ហ្វីលីពីន ដោយបុគ្គលិកជួយសង្គ្រោះនិយាយថា ក្រុមមន្ត្រីទើបតែអាចវាយតម្លៃអំពីការខូចខាតបាន។
លោក Aurora Taay អភិបាលក្រុង Dingalan នៃខេត្តនេះ បានឱ្យដឹងថា ផ្ទះ និងទូកជាច្រើនតាមបណ្តោយឆ្នេរសមុទ្រ ត្រូវបានបំផ្លាញនៅកណ្តាលរលកធំៗ។
តាមការព្យាករ ព្យុះ Fung-wong អាចវាយប្រហារឆ្នេរសមុទ្រភាគខាងលិចកោះតៃវ៉ាន់ ដែលមានប្រជាជនរស់នៅច្រើនកុះករ នាថ្ងៃពុធសប្តាហ៍នេះ ខណៈភ្លៀងធ្លាក់ខ្លាំងនឹងកើតឡើង តាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត៕

