ខេត្តកោះកុង ទទួលភ្ញៀវទេសចរជាងជិត ៨ម៉ឺននាក់ មកលេងកម្សាន្តក្នុងពិធីបុណ្យអុំទូក

កោះកុង៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលទើបបញ្ចប់ម្សិលមិញនេះ ខេត្តកោះកុង បានទទួលស្វាគមន៍ភ្ញៀវទេសចរសរុបជាង ៧ម៉ឺន៨ពាន់នាក់ ដែលបានមកលេងកម្សាន្តតាមរមណីយដ្ឋាននានានៅក្នុងខេត្ត។នេះបើយោងតាមក្រសួងព័ត៌មាន។
លោក សាគុណ ភក្តី ប្រធានការិយាល័យព័ត៌មានទេសចរណ៍នៃមន្ទីរទេសចរខេត្តកោះកុង បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរមកលេងកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បានកើនជិត៥ម៉ឺននាក់ ស្មើនឹង១៤៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។
មូលហេតុនៃការកើនឡើងភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តកោះកុង យ៉ាងដូច្នេះ ក៏ដោយសារតែអាកាសធាតុអំណោយផលល្អ មានតំបន់ទេសចរណ៍ថ្មីៗច្រើន សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មី ផ្លូវជាតិលេខ១០ និងលេខ៤៨ បានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរលំហូរភ្ញៀវទេសចរ មកពីបណ្តារាជធានី-ខេត្ត ពិសេសខេត្តពោធិ៍សាត់ ប៉ៃលិន បាត់ដំបង។
ដោយឡែកលោកកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការរងនគរបាលខេត្តកោះកុង បានឱ្យដឹងថា អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃនេះ សមត្ថកិច្ចនគរបាលរបស់លោកបានដាក់ពង្រាយកម្លាំងគ្រប់គោលដៅរមណីយដ្ឋានទេសចរណ៍ ដើម្បីការពារថែរក្សាសុវត្ថិភាពជូនអ្នកទេសចរ និងពលរដ្ឋ ដោយស្ថានភាពសណ្តាប់ធ្នាប់ប្រព្រឹត្តបានដោយរលូន និងជោគជ័យពុំមានបញ្ហាធំដុំអ្វីកើតមានឡើងនោះទេ ពោលគឺគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អប្រសើរ៕

