ក.ប.ទ. ចេញសេចក្ដីជូនដំណឹងស្ដីពី ការចូលរួមសហការរៀបចំសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាល ក្រោមប្រធានបទ “ការកសាងសង្គមឌីជីថលកម្ពុជាប្រកបដោយបរិយាបន្ន” ក្នុងវេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក.ប.ទ. នឹងរៀបចំ “វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥” ជាព្រឹត្តិការណ៍អមក្នុង “វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ក្នុងគោលបំណងផ្តល់ឱកាសជូនក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ សង្គមស៊ីវិល និងសហគមន៍បច្ចេកវិទ្យា នូវការពិភាក្សាអំពីគោលនយោបាយពាក់ព័ន្ធនឹងអ៊ីនធឺណិតថ្នាក់ជាតិ និងជំរុញការចាប់យកឧត្តមានុវត្តន៍ពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិតក្នុងកម្រិតតំបន់ និងពិភពលោកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
វេទិកាថ្នាក់ជាតិនេះ មានមូលបទស្តីពី “ការកសាងសង្គមឌីជីថលកម្ពុជាប្រកបដោយបរិយាបន្ន” ដោយបែងចែកមូលបទរងចំនួនបី រួមមាន ១) សុវត្ថិភាពលើប្រព័ន្ធអនឡាញក្នុងយុគសម័យបញ្ញាសិប្បនិមិត្ត (AI) ២) ការតភ្ជាប់អ៊ីនធឺណិតជាសកលនិងប្រកបដោយអត្ថន័យ និង ៣) ការលើកកម្ពស់យុវជនសម្រាប់អនាគតឌីជីថល។
ដើម្បីធានាការរៀបចំកម្មវិធីនេះប្រកបដោយបរិយាបន្ន ក.ប.ទ. សូមអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ដែលមានចំណាប់អារម្មណ៍ សូមធ្វើការដាក់ពាក្យចូលរួមសហការរៀបចំសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាល ចំនួន ១២ ក្រោមមូលបទនិងមូលបទរងខាងលើ ដោយធ្វើការដាក់ពាក្យតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/callforsessions ឬ ស្កេន QR Code ដូចមានភ្ជាប់ជូនខាងក្រោម ត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.cambodiaigf.kh ឬទាក់ទងតាមទូរសព្ទលេខ ០៨១ ៣៤៩ ៦៦១ ឬអ៊ីម៉ែល [email protected]។
“វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥” នឹងបើកជូនសាធារណជនចូលរួមដោយឥតគិតថ្លៃ ដូចនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបនិងចូលរួមព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះនាពេលខាងមុខ ឱ្យបានច្រើនកុះករ៕

