នីហ្សេរីយ៉ា ស្វាគមន៍ចំពោះការជួយពីសំណាក់អាមេរិក ក្នុងការប្រយុទ្ធប្រឆាំងក្រុមបះបោរ ដរាបណាវាត្រូវបានធ្វើឡើងដោយការគោរពបូរណភាពទឹកដីរបស់ខ្លួន

អាប៊ូចា៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នីហ្សេរីយ៉ា បាននិយាយថា ខ្លួនស្វាគមន៍ចំពោះការជួយពីសំណាក់សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងក្រុមបះបោរ ដរាបណាវាត្រូវបានធ្វើឡើងដោយការគោរពបូរណភាពទឹកដីរបស់ខ្លួន បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ គំរាមប្រើកម្លាំងយោធាឆ្លើយតប នឹងអ្វីដែលលោកចាត់ទុកថាជាការធ្វើបាបអ្នកកាន់សាសនាគ្រិស្ត ក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ។
លោក Daniel Bwala ដែលជាទីប្រឹក្សាប្រធានាធិបតីនីហ្សេរីយ៉ា បានប្រាប់ Reuters យ៉ាងដូច្នេះថា «ពួកយើងស្វាគមន៍ជំនួយពីអាមេរិក ដរាបណាវាត្រូវបានធ្វើឡើង ដោយការទទួលស្គាល់បូរណភាពទឹកដីរបស់យើង»។
លោក ត្រាំ កាលពីចុងសប្តាហ៍មុននិយាយថា យោធាអាមេរិក អាចត្រូវបានដាក់ពង្រាយទៅនីហ្សេរីយ៉ា ឬធ្វើការវាយប្រហារតាមផ្លូវអាកាស ត្រង់ចំណុចនេះ លោក Bwala បន្ថែមថា «យើង មិនកាត់ ន័យ ត្រង់ ទេ ព្រោះ យើង ដឹង ថាប្រធានាធិបតី ដូណាល់ ត្រាំ មានបំណងល្អ ចំពោះ នីហ្សេរីយ៉ា»។
គួរបញ្ជាក់ថា នីហ្សេរីយ៉ា ជាប្រទេសមានប្រជាជនជាង ២០០លាននាក់ និងជនជាតិភាគតិចប្រហែល ២០០ក្រុម ខណ្ឌចែកភាគខាងជើងដោយមានអ្នកកាន់សាសនាឥស្លាមភាគច្រើន និងភាគខាងត្បូងមានកាន់សាសនាគ្រិស្តភាគច្រើន។ ក្រុមបះបោរដូចជា Boko Haram និង ISIS អាហ្វ្រិកខាងលិច បានបង្កការបំផ្លិចបំផ្លាញក្នុងប្រទេសនេះ អស់រយៈពេលជាង ១៥ឆ្នាំមកហើយដោយសម្លាប់មនុស្សអស់រាប់ពាន់នាក់ ប៉ុន្តែការវាយប្រហាររបស់ពួកគេត្រូវបានបង្ខាំងយ៉ាងទូលំទូលាយ នៅភាគឦសានប្រទេស ដែលមានអ្នកសាសនាឥស្លាមភាគច្រើន៕

